បារាំងចង់ដាក់ទណ្ឌកម្មអ៊ីរ៉ង់ ក្រោយអ៊ីស្រាអែលនិងអាមេរិកព្រួតវាយ

បរទេស ៖ ប្រទេសបារាំងបានព្រមានថា ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ នៅតែអាចកើតមាន ប្រសិនបើគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ជាការព្រមាន បើទោះបីជា អ៊ីស្រាអែល និងអាមេរិក ចាប់ដៃគ្នា ព្រួតវាយលើប្រហារលើអ៊ីរ៉ង់ ប៉ុន្តែ សាធារណរដ្ឋឥស្លាម មួយនេះ ក៏បានតបតវិញដែរ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ លោក Jerome Bonnnafont ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅទីនោះ បាននិយាយថា «យើងរំពឹង អ៊ីរ៉ង់នឹងត្រលប់ទៅការចរចា ដោយមិនពន្យារពេល ដើម្បីសម្រេចបាន នូវដំណោះស្រាយការទូត ដ៏រឹងមាំ ដែលអាចផ្ទៀងផ្ទាត់បាន និង យូរអង្វែង»។

លោកព្រមានថា បារាំង និងដៃគូអឺរ៉ុបផ្សេងទៀត បានត្រៀមខ្លួន ដើម្បីដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់ឡើងវិញ ប្រសិនបើកិច្ចព្រមព្រៀង មិនត្រូវបានសម្រេច ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះ ឯកអគ្គរាជទូតចក្រភពអង់គ្លេស លោកស្រី Barbara Wood បានឯកភាព ដោយនិយាយថា «យើងនឹងប្រើបច្ចេកទេសការទូតទាំងអស់ តាមលទ្ធភាព ដើម្បីគាំទ្រដល់លទ្ធផលចរចា ហើយធានាថា អ៊ីរ៉ង់ មិនបង្កើតអាវុធនុយក្លេអ៊ែរ»។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានផ្តើម បាញ់គ្រាប់ ចូលដីអ៊ីរ៉ង់ កាលពីថ្ងៃទី១៣ ខែមិថុនា ហើយអ៊ីរ៉ង់ក៏បានបាញ់សងសឹក ចូលដីអ៊ីស្រាអែលវិញ។ ក្រោមមក អាមេរិកបានទម្លាក់គ្រាប់បែក ដ៏ប្រល័យ លើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ តែ អ៊ីរ៉ង់ បានសងសឹកវិញដែរ ដោយបានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា។ យ៉ាងណាមិញ ស្ថានការណ៍ចុងក្រោយ លោក Trump ថា អ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមឈប់បាញ់ តែ ក្រោយមក លោកថា ភាគីទាំងពីរ បានបំពាន វិញ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner