សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតទីម័រខាងកើត ដែលទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យឯកឧត្តម អើមីនីហ្គីដូ កូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។

សម្តេចអគ្គមហាពញាចក្រី បានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត មានប្រវត្តិឆ្លងកាត់បទពិសោធន៍ពីអតីតកាលប្រហាក់ប្រហែលគ្នា ទម្រាំទទួលបានឯករាជ្យ បូរណភាពដែនដីពេញលេញ បានដូចសព្វថៃ្ង។

សម្តេចបានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ ហើយទំនាក់ទំនងដ៏ល្អនេះ មិនត្រឹមតែជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលផងដែរ ក្នុងពេលដែលសភាពការណ៍សកល មានការប្រែប្រួលមិនទៀងទាត់ដូចសព្វថ្ងៃនេះ។

សម្តេចក៏បានសម្តែងនូវការអបអរសាទរ ដែលសាធារណរដ្ឋទីម័រខាងកើត នឹងក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន ចាប់ពីឆ្នាំ២០២៥នេះតទៅ។ កម្ពុជាតែងតែគាំទ្រ ប្រទេសទីម័រខាងកើត ក្លាយទៅជាសមាជិកពេញសិទ្ធទី១១របស់អាស៊ាន រហូតទទួលបានជោគជ័យដូចបំណង។ សម្តេចជឿជាក់ថា សភាទីម័រខាងកើត ក៏នឹងក្លាយជាសមាជិក របស់អន្តរសភាអាស៊ាន(AIPA) ឆាប់ៗផងដែរ។

ឯកឧត្តម អើមីនីហ្គីដូ កូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេច ដែលអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាឱកាសនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថា ឯកឧត្តមបានរៀនសូត្រជាច្រើនចេញពីបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ជាពិសេសគឺភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពយូរអង្វែង។

ឯកឧត្តម បានសម្តែងនូវការដឹងគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រទីម័រខាងកើតនៅក្នុងវេទិកាអន្តរជាតិនានា។ ឯកឧត្តម គូសបញ្ជាក់ថា ប្រទេសទីម័រខាងកើត នឹងក្លាយទៅជាសមាជិកផ្លូវការរបស់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាពេលខាងមុខ ហើយជោគជ័យនេះ គឺពុំអាចកើតឡើងទេ ប្រសិនបើគ្មានការគាំទ្រពីកម្ពុជា ទោះបីកម្ពុជាមិនមែនជាប្រទេសស្ថាបនិករបស់អាស៊ានក៏ដោយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត នៅតែបន្តជួយជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត ទោះជាឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាក៏ដោយ ជាពិសេសគឺជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត ៕

ដោយ ៖ ហេង សម្បត្តិ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner