កាកបាទក្រហមកម្ពុជា និងប្រតិភូសហព័ន្ធអន្តរជាតិ ទស្សនកិច្ចសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត

(ភ្នំពេញ)៖ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដឹកនាំដោយលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ និងជាតំណាងអង្គការសហប្រជាជាតិ ESCAP ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម បានអញ្ជើញទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីពិនិត្យមើលសកម្មភាពដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើដើម្បីសហគមន៍មានភាពធន់ សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។

លោកស្រី កាទ្រីន ក្លាសុន បានថ្លែងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ដែលបង្កើត និងជំរុញឱ្យមានបណ្តាញអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ជាក់ស្តែងមានអ្នកស្ម័គ្រចិត្តម្នាក់ដែលលោកស្រីបានជួប គឺគាត់បានបំពេញការងារជាអ្នកស្ម័គ្រចិត្តអស់រយៈពេលជាង១០ឆ្នាំ ដែលនេះពិតជាគួរឱ្យកោតស្ញប់ស្ញែង និងសូមឱ្យបន្តសកម្មភាពបែបនេះឱ្យបានយូរអង្វែងតទៅដើម្បីសហគមន៍របស់ខ្លួន។

លោកស្រី សង្កេតឃើញថា កាកបាទក្រហមកម្ពុជា ចាប់តាំងពីថ្នាក់កណ្តាល ដល់ថ្នាក់សាខា អនុសាខា និងអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន គឺមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ ដែលការងារទាំងនេះបានផ្តល់នូវចំណេះដឹង-ជំនាញ និងយកចំណេះដឹង-ជំនាញទាំងនេះ ទៅអប់រំផ្សព្វផ្សាយបន្តដើម្បីសហគមន៍មានសុខភាពល្អ និងជីវភាពរីកចម្រើន។ បន្ថែមពីនេះ យុវជនកាកបាទក្រហមកម្ពុជា ក៏មានចំណេះដឹងខ្ពស់ ដែលអាចដើរតួនាទីជាមិត្តអប់រំមិត្ត ស្តីពីសុខភាព អនាម័យ នៅតាមសាលារៀនរបស់ពួកគេទៀតផង ។ តាមរយៈសកម្មភាពទាំងអស់នេះ លោកស្រី ក៏បានលើកទឹកចិត្តដល់កាកបាទក្រហមកម្ពុជា សូមបន្តចែករំលែកបទពិសោធន៍នៃការអនុវត្តសកម្មភាពដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុនេះ ទៅតាមបណ្តាសហគមន៍ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនៅក្នុងតំបន់ ដើម្បីយកទៅអនុវត្តនៅតាមសហគមន៍រៀងៗខ្លួន ។

សូមបញ្ជាក់ថា ៖ ក្នុងដំណើរទស្សនកិច្ចនេះ គណប្រតិភូ បានអញ្ជើញទៅ៤គោលដៅ ដោយគោលដៅទី១ ជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ,គោលដៅទី២ ការអប់រំផ្សព្វផ្សាយពីសំណាក់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្តីពីសហគមន៍មានសុខភាពល្អ ,គោលដៅទី៣ ពិនិត្យសហគមន៍នេសាទទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ដែលស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ដើម្បីដាំដើមកោងកាងបន្ថែម និងគោលដៅទី៤ នៅសាលាវិទ្យាល័យនរោត្តមរណឬទ្ធិ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner