សម្ដេចតេជោ ហ៊ុន សែន ប្រាប់មេទ័ពជើងគោកជប៉ុន ថា កម្ពុជា ចង់ដោះស្រាយជម្លោះជាមួយថៃ តាមសន្តិវិធី និងតាមតុលាការ ICJ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេបញ្ជាការកងទ័ពជើងគោកជប៉ុន ថា កម្ពុជា ចង់ដោះស្រាយជម្លោះជាមួយថៃ តាមសន្តិវិធី និងតាមតុលាការយុត្តិធម៌អន្តរជាតិ ICJ ខណៈភាគីជប៉ុន ថា ចង់ឃើញការដោះស្រាយបញ្ហាជម្លោះរវាងកម្ពុជា និងថៃ ដោយសន្តិវិធី ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចជួបជាមួយ អគ្គមេបញ្ជាការទ័ពជើងគោកជប៉ុន នាយឧត្តមសេនីយ៍ Yasunori Morishita បានបញ្ជាក់ថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់អន្តរជាតិ ពោល គឺការដោះស្រាយដោយយកតុលាការអន្តរជាតិ ICJ ។ សម្តេចតេជោ បានប្រាប់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ថា មានតែចោរទេ ដែលខ្លាចតុលាការ ។

សម្ដេចតេជោ បានពន្យល់អំពីបញ្ហានៃជម្លោះព្រំដែនកម្ពុជា ជាមួយថៃ ដែលបានកើតឡើង បន្ទាប់ពីកងទាហានថៃ ឆ្លងព្រំដែន មកបាញ់សម្លាប់យុទ្ធជនកម្ពុជា លោក សួន រ៉ោន កាលពីថ្ងៃទី២៨ ខែឧសភា ។ បន្ទាប់មក ថៃ សម្រេចបិទច្រកព្រំដែនជាឯកតោភាគីជាដើម និងសកម្មភាពជាច្រើនទៀត ដែលថៃ បានរំលោភមកកាន់កម្ពុជា ជាផ្នែកមួយដែលកម្ពុជា ត្រូវតែមានវិធានការក្នុងការទប់ស្កាត់ការឆ្លើយតបត្រឡប់ទៅវិញ ។

សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចមិននឹកស្មានថា មានរឿងបែបនេះ នឹងកើតឡើងចំពោះបញ្ហាព្រំដែន រវាងប្រទេសទាំងពីរ ទាល់តែសោះ អ្វីដែលសម្ដេច ចង់បាន គឺព្រំដែនដែលមានកិច្ចសហប្រតិបត្តិការល្អ មិត្តភាព និងការអភិវឌ្ឍរួមគ្នា ។ សម្ដេច មិនចង់ឃើញមានការផ្ទុះអាវុធ ឬសង្គ្រាមជាមួយគ្នាឡើយ គឺចង់ឃើញនូវសន្តិភាព ដែលបានកើតឡើងសម្រាប់ព្រំដែនរបស់យើង ដែលមានកន្លងមក ហើយបន្តកើតមានឡើងបន្តទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ អគ្គមេបញ្ជាការកងទ័ពជើងគោកជប៉ុន ដែលបានចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់យុទ្ធជនខ្មែរ ។ សម្ដេចតេជោ បានប្រាប់ទៅកាន់ឯកឧត្តម មេបញ្ជាការទ័ពជើងគោកជប៉ុនថា កម្ពុជា ចង់ស្នើឲ្យជប៉ុន ជួយដោះស្រាយជម្លោះនៃប្រទេសទាំងពីរប្រកបដោយសន្តិវិធី ហើយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ ជំរុញឲ្យភាគី ដែលមានវិវាទជាមួយកម្ពុជា គឺ ភាគីថៃ ដោះស្រាយដោយសន្តិវិធី និងគោរពទៅតាមនិយាម ឬច្បាប់អន្តរជាតិ ដែលជាជំហររបស់កម្ពុជា ចង់បាន និងចង់ឃើញការដោះស្រាយដោយតុលាការអន្តរជាតិ ។
ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា នាយឧត្តមសេនីយ៍ Yasunori Morishita មានប្រសាសន៍តបមកវិញ បានសម្ដែងការអរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានជម្រាបអំពីស្ថានភាពពិត នៃបញ្ហាព្រំដែន និងបានបញ្ជាក់ថា ជប៉ុន ចង់ឃើញការដោះស្រាយបញ្ហា ដោយសន្តិវិធី ។

សូមជម្រាបថា មេបញ្ជាការកងទ័ពជើងគោកជប៉ុន នាយឧត្តមសេនីយ៍ Yasunori Morishita បានមកធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ មិថុនា ២០២៥។
គួររំលឹកថា កម្ពុជា បានដាក់បញ្ជូនលិខិតជូនដំណឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ នាទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីឱ្យតុលាការការនេះសម្រេចសេចក្ដីលើសំណុំរឿងព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី បើទោះបីថៃបដិសេធក្នុងការឡើងទៅតតាំងក្ដីក៏ដោយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
