ឯកឧត្តម នេត្រ ភក្ត្រា ៖ ការអានជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់នូវចំណេះដឹងដល់យើងក៏ដូចជាធ្វើឱ្យយើងកាន់តែមានភាពរឹងមាំនៅក្នុងសមត្ថភាព

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានថ្លែងថាការអានជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលផ្តល់នូវចំណេះដឹងដល់យើងក៏ដូចជាធ្វើឱ្យយើងកាន់តែមានភាពរឹងមាំនៅក្នុងសមត្ថភាពរបស់យើងនៅលើជំនាញផង និង ទៅលើចំណេះដឹងទូទៅផង។នៅពេលដែលយើងអានច្រើនគឺយើងនឹងដឹង និងចេះកាន់តែច្រើន។

ថ្លែងក្នុងពិធីបើកសម្ពោធ ពិព័រណ៍លក់សៀវភៅ Big Bad Wolf Booksដែលបានរៀបចំឡើងក្នុងផ្សាររុងរឿងស្ថិតនៅក្នុង ភូមិ គៀនឃ្លាំង សង្កាត់ ព្រែកលាប ខណ្ឌ ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា៖ការអានមិនត្រឹមផ្តល់ចំណេះដឹងទូលំទូលាយទេ បន្ថែមលើនេះទៀតការអានបានជួយឱ្យយើងនិយាយបានច្រើន កាន់តែល្អ ដោយមានឃ្លាមានប្រយោគ មានបែបបទនៃការនិយាយ និងការប្រើពាក្យពេចន៍បានត្រឹមត្រូវ ទៅតាមកាលៈទេសៈ ។ មិនតែប៉ុណ្ណោះការអានគឺអាចជួយដល់ការសរសេររបស់យើងឱ្យត្រូវតាមវេយ្យាការណ៍។ដូច្នេះនៅពេលយើងសរសេរសំណេរ អត្ថន័យលើអត្ថបទអ្វីមួយគឺអាចយកគន្លឹះអ្វីមួយ និងរៀបប្រើវេយ្យាករណ៍អ្វីមួយមកសរសេរអត្ថបទបានយ៉ាងល្អ។ហើយដោយសារការអានអាចជួយដល់ការស្តាប់របស់យើងដោយមិនច្រឡំអត្ថន័យ។

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ប្រសាសន៍ដែរថា”បើកាលណាយើងអានច្រើន យើងនឹងមានគំនិតច្រើន ហើយយើងក៏អាចបង្រួមទៅលើខ្លឹមសារថាអ្វីដែលជាមូលដ្ឋានយើងចង់ប្រាប់ និងខ្លឹមសារអ្វីល្អដែលយើងចង់និយាយ”។

ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងដោយបញ្ជាក់បន្ថែមថា ការនិយាយមួយដែលពូកែ គឺយើងចាំបាច់ត្រូវឆ្លងកាត់មូលដ្ឋានច្រើន ក្នុងនេះចំណុចទី១គឺចំណេះដឹងទូលំទូលាយ ស្គាល់ប្រធានបទរបស់ខ្លួនឱ្យច្បាស់លាស់ ត្រូវមាន ទឡ្ហិករណ៍ ភស្ថុតាង ឯកសារ និង អ្វីដែលសំខាន់មួយទៀតគឺទិន្នន័យ។ហេតុអ្វីដែលតម្លៃការអានសៀវភៅខុសពីការអានព័ត៌មាន។ អានព័ត៌មានយើងបានត្រឹមតែដឹងទេ ប៉ុន្តែបើអ្នកអានសៀវភៅអ្នកទទួលបានចំណេះដឹង កាន់តែជ្រៅពីព្រោះថាសៀវភៅមួយក្បាលដែលអ្នកនិពន្ធខិតខំសរសេរ មិនមែនប្រើកន្លះខែ មួយខែ ប៉ុន្តែសៀវភៅដែលគេបានចេញផ្សាយនេះ គឺចេញមកពីអ្វី ដែលបានមកពីការគិត ពិចារណា គ្រុបជ្រុងជ្រោយ ហើយជាការផ្តល់នូវគំនិតត្រិះរិះពិចារណា។ អានសៀវភៅមួយក្បាលគឹគេបានចំណាយ ២ទៅ៤ឆ្នាំឬយូរឆ្នាំជាងនេះគឺយើងនឹងទទួលបាននូវព័ត៌មានដែលស៊ីជម្រៅ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ដែរថារាជរដ្ឋាភិបាកម្ពុជាក្នុងអាណត្តិទី៧នេះគឺយើងបានផ្តោតទៅលើមូលធនមនុស្ស សំដៅទៅលើធនធានមនុស្ស មានសមត្ថភាព មានចំណេះដឹង មានទេពកោសល្យ ស្នាដៃ សុខភាព គុណធម៌ សីលធម៌។ចំណេះដឹងគឺចេញពីសៀវភៅនេះឯង ហើយយើងក៏មិនអាចពឹងនរណាម្នាក់បានដែរក្រៅពីខ្លួនឯង។ ហេតុនេះហើយទ្រឹះស្តីបុរាណរបស់យើងបានលើកឡើងថា”ចំណេះដឹងវាជាឃ្លាំងប្រាក់” និងចំណេះដឹងនេះកណ្តៀរក៏កាត់មិនកើត កាន់តែប្រើកាន់តែរីកចម្រើន។

លោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Booksបានលើកឡើងថាពិព័រណ៍សៀវភៅនេះគឺមានការបញ្ចុះតម្លៃរហូតដល់៩៥ភាគរយ ក្នុងនេះដែរតម្លៃសៀវភៅទាបបំផុតចាប់ពីដុល្លារ ក្នុងមួយក្បាល។ជាមួយគ្នានេះចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ សិស្ស-និស្សិតទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ៥ភាគរយលើសៀវប្រភេទមួយចំនួន ។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ ពួកគេគ្រាន់តែបង្ហាញកាតសិស្សនិស្សិត ឬស្លៀកពាក់ឯកសណ្ឋានសិស្សនិស្សិតរបស់គេនៅពេលគិតលុយ។ កម្មវិធី បញ្ចុះតម្លៃនេះ ស័ក្តិសមបំផុតសម្រាប់ក្រុមសិស្សនិស្សិត និងអ្នកអានវ័យក្មេង ក្នុងការបង្កើតបណ្ណាល័យផ្ទាល់ខ្លួន។

លោកស្រីបានបញ្ជាក់បន្ថែមថា ពិព័រណ៍សៀវភៅនេះគឺជាលើកទី៤ហើយនៅកម្ពុជា។ សម្រាប់សៀវភៅដែលគាត់បាននាំយកមកលក់នេះកន្លងមកត្រូវបានលក់ចេញបានប្រមាណជាង៦០ភាគរយ ដែលនេះបង្ហាញថាការអានសៀវភៅក្នុងស្រទាប់យុវជនមានការកើនឡើងបន្តបន្ទាប់ ។

គួរបញ្ជាក់ថា ពិព័រណ៍លក់សៀវភៅនេះនឹងចាប់ផ្តើមពីថ្ងៃទីច័ន្ធដល់ថ្ងៃព្រហស្បតិ៍ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១០យប់ និងថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១០ព្រឹកដល់ម៉ោង ១២យប់នៅផ្សាររុងរឿងស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner