ជំនួបអាមេរិក-អ៊ីរ៉ង់នឹងមាននៅសប្តាហ៍ក្រោយ

បរទេស ៖ លោក Trump បានអះអាងថា មន្ត្រីអាមេរិក នឹងជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរ។

លោក ប្រធានាធិបតី Donald Trump បាននិយាយបែបនេះ អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ពោលគឺបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូល របស់អង្គការ ណាតូ នៅទីក្រុងឡាអេ ប្រទេសហូឡង់។

លោក Trump មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងជួបពិភាក្សា ជាមួយអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ ជាមួយនឹងកិច្ចព្រមព្រៀងដែលអាចកើតមាន នៅលើតុ អំពីកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់។

«យើងនឹងនិយាយជាមួយពួកគេ នៅសប្តាហ៍ក្រោយ ជាមួយអ៊ីរ៉ង់…យើងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ»។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ថា អ្នកណានឹងចូលរួម ក្នុងកិច្ចប្រជុំ ឬ ទីកន្លែង ដែលត្រូវរៀបចំ សម្រាប់ជំនួបនេះទេ។

លោក Trump ក៏បានឆ្លៀតបង្ហាញពីការជឿជាក់ថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពិតជាត្រូវបានបំផ្លាញ ដោយសារការទម្លាក់គ្រាប់បែកអាមេរិក កាលពីថ្ងៃអាទិត្យ។

លោក ប្រធានាធិបតី Trump ក៏បានជួបជាមួយមេដឹកនាំពិភពលោក ផ្សេង@ទៀត នៅក្រៅកិច្ចប្រជុំកំពូល ណាតូ ផងដែរ ពោលគឺចំពេលមានសុទិដ្ឋិនិយម ប្រុងប្រយ័ត្ន អំពីបទឈប់បាញ់ ដែលរដ្ឋបាល Trump បានសម្របសម្រួល សម្រាប់ជម្លោះរយៈពេល១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner