រថយន្តសាំយ៉ុង បុកជាមួយរថយន្តម៉ាស្ដា ពេញទំហឹង បណ្តាលឲ្យប្រុសស្រី៧នាក់ របួសធ្ងន់ស្រាល
ភ្នំពេញ៖ មានមនុស្សប្រុសស្រីចំនួន៧ នាក់បានរងរបួសធ្ងន់ស្រាល និងត្រូវបានបញ្ជូទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តសាំយ៉ុងនឹងរថយន្តម៉ាស្តារបុកពេញទំហឹងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខច្រកចូលវត្តពោធិ៍វ័ន តាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ម៉ាស្តារ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BG-3906ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវចូលទៅវត្តពោធិ៍វ័ន ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានរថយន្តប្រភេទសាំយ៉ុងមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-7492បើកបរដោយបុរសម្នាក់រួមដំណើរនឹងប្រុសស្រីចំនួន៦នាក់ទៀតធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ទៅបុកនិងរថយនម៉ាស្តារ ចំផ្នែកខាងមុខចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យភាគីខាងរថយន្តសាំយ៉ុងមានគ្នា៧ នាក់រងរបួសធ្ងន់ស្រាល ក្នុងនោះមានប្រុសស្រី ៣នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅឯមន្ទីរពេទ្យ ។ ចំណែករថយន្តទាំងពីរគ្រឿងបានរងការខូចខាតយ៉ាងដំណំដូចគ្នា។ចំណែកខាងភាគីរថយន្តម៉ាស្តារមិនមានរងរបួសនោះទេ ហេីយបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជីម ភារ៉ា