រថយន្ត២គ្រឿង បុកគ្នាក្បែររមណីដ្ឋានវត្ត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ មានរថយន្ត២គ្រឿងបានបេីកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ក៏បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជាខ្លាំង កាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្បែរ រមណីដ្ឋានវត្ត តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក SIDEKICK ពណ៌ស ពាក់ស្លាកលេខ (ស,ខ្មៅ) ឃ8191 ភព2 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនល្មម ខណះដល់ចំណុចកេីតហេតុក៏ត្រូវរថយន្ត ម៉ាក Suzuki ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-8494 បេីកដោយយុវជនម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៦ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តម៉ាក SIDEKICK ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យខ្ទាតទៅបុកខឿនផ្លូវនិងបង្គោលបង្ហាញចរាចរណ៍រងការខូចខាត ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះឡេីយ គ្រាន់តែខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំ រួមនិងបង្គោលបង្ហាញចរាចរណ៍តិចតួចតែប៉ុណ្ណោះ ។
ក្រោយកេីតហេតុ ភាគីរថយន្តSuzuki បានព្រមសងថ្លៃខូចខាតទៅលេីរថយន្ត SIDEKICK ដែរតែទោះជាយ៉ាងណា ដោយសារករណីនេះបានបង្កផលប៉ះពាល់ដល់សម្បត្តិរដ្ឋ ទេីបសមត្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែង ករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា