សម្តេចតេជោ ហ៊ុន សែន ៖ បច្ចុប្បន្នមិនដឹងថា អំណាចពិតប្រាកដរបស់ថៃជាអ្នកណា?
ព្រះវិហារ៖សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន មិនដឹងថា អំណាចពិតប្រាកដរបស់ថៃ គឺជាអ្នកណានោះទេ ដែលធ្វើឱ្យពិបាកក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជា ។ សម្ដេចសង្ឃឹមថា ប្រទេសថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី នាពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយបញ្ហាជាមួយកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសខ្លួននៅទីទួលសុវត្ថិភាពវត្តពោធិ ៥០០០ដើមខេត្តព្រះវិហារនាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា ជំនាន់នាយករដ្ឋមន្ដ្រីថៃ ប្រាយុទ្ធ ចាន់អូចារ រយៈពេលជាង ១០ឆ្នាំ មិនមានបញ្ហា គឺកម្ពុជា-ថៃ បានឈានទៅភ្ជាប់ទំនាក់ទំនងខ្ពស់បំផុត ប៉ុន្តែឥឡូវនេះប្រទេសថៃ មានបញ្ហាជាមួយប្រទេសទាំងអស់ជុំវិញខ្លួន ខណៈដែលព្រំដែនកម្ពុជាត្រូវបានបិទក្រោយគេនោះទេ ។
ត្រង់ចំណុចនេះ សម្ដេចតេជោ សង្ឃឹមថា នឹងមាននាយករដ្ឋមន្ត្រីថ្មីមួយ ឡើងមកកែសម្រួល ហើយយើង នឹងត្រៀមខ្លួនធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រី ក្រោយទៀត ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “យើងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងថៃ នោះទេ ក៏ប៉ុន្តែខ្ញុំដឹងថា តម្រូវការរបស់ប្រជាជនថៃ នៅពេលនេះ ក៏ត្រូវការមានមេដឹកនាំថ្មីដែរ” ។
សម្ដេចតេជោបន្តថា “តាមការសង្កេតរបស់ខ្ញុំយ៉ាងយូរ ៣ខែទៀត នឹងមាននាយករដ្ឋមន្ត្រីថ្មី ឡើងមកកាន់តំណែង ។ឥឡូវចាំមើលទៅ បើខ្ញុំទាយខុស ទុកចោលទៅចុះ ចាត់ទុកថា ខ្ញុំខុស ។ប៉ុន្តែប្រហែលជាមិនខុសទេ ។ តុលាការធម្មនុញ្ញ ឬក៏ក្នុងសភារបស់ថៃ គេមិនអនុញ្ញាតឱ្យមនុស្សបែបនេះ ដឹកនាំប្រទេសទេ ហើយក៏មិនដឹងថា តើនាយករដ្ឋមន្ត្រី មានអំណាច ឬក៏កងទ័ពមានអំណាច ហើយយើងគោរពការសម្រេចចិត្តរបស់ប្រជាជនថៃ ។
សូមជម្រាបថា ក្រោយព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជម្លោះព្រំដែនកម្ពុជា-ថៃនៅមិនទាន់ត្រឡប់ មកសភាពប្រក្រតីបាននៅឡើយ ដ្បិតកងទ័ពថៃ នៅតែសម្រេចចិត្តជាឯកតោភាគី ក្នុងការដាក់សម្ពាធ មកលើកម្ពុជា រួមទាំងការគំរាមផ្ដាច់អ៊ីនធឺណិត អគ្គិសនី ទំនិញ ការកែសម្រួលម៉ោងចេញចូល នៅតាមបណ្ដោយព្រំដែន និងការបិទច្រកព្រំដែនជាដើម ៕
ដោយ៖វណ្ណលុក
