សម្ដេចតេជោ ហ៊ុន សែន ព្រមានលាតត្រដាងសារទាំងអស់របស់ក្រុមគ្រួសារ ថាក់ ស៊ីន រាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់ខ្លួន
ព្រះវិហារ៖សម្ដេចតេជោ ហ៊ុន សែន ប្រកាសព្រមាននាយករដ្ឋមន្ត្រីថៃបើនៅតែព្រហើន ដោយសម្ដេច នឹងទម្លាយការសម្ងាត់ទាំងអស់ដែលគ្រួសារ ថាក់ ស៊ីន បានប្រាប់មកសម្ដេច រាប់ទាំងការប្រមាថព្រះមហាក្សត្ររបស់ខ្លួនផងដែរ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើមនាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា “ជម្លោះនយោបាយនៅបាងកក បានផ្ទេរជម្លោះមកកាន់ព្រំដែនកម្ពុជា-ថៃ។អ្នកត្រូវយល់ មិនមែនកម្ពុជាល្ងង់ដែលមិនដឹងរឿងរបស់អ្នកឯងទេ ថ្ងៃស្អែក ខ្ញុំនឹងបកស្រាយជូនអ្នកឯង សូម្បីតែអ្នកឯង ដូរឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃចេញ ក៏អ្នកឯងផ្តាំមកខ្ញុំដែរ សូម្បីគ្នារបស់អ្នកឯង អ្នកឯងក្បត់ទៅហើយ តើជាមួយខ្ញុំ អ្នកឯងហ៊ានក្បត់ទេ? សម្ដេចតេជោបានបង្ហើបថា កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅ នាយករដ្ឋមន្ត្រីថៃ ធ្លាប់បានផ្តាំតាមមនុស្សម្នាក់មកប្រាប់សម្តេច អំពីផែនការប្តូរ លោក អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ចេញពីតំណែង ដោយដាក់គ្នារបស់ខ្លួន ដែលមកពីគណបក្សភឿថៃវិញ “។
សម្តេចតេជោ បានបន្តថា ចំពោះរឿងបុគ្គល និងបុគ្គល សម្តេចមិនមានជំពាក់គុណលោក ថាក់ ស៊ីន នោះទេ ផ្ទុយទៅវិញ ក្រុមគ្រួសារលោក ថាក់ ស៊ីន ទេ ដែលជំពាក់គុណសម្តេច ។ការលើកឡើងនេះ មិនមែនសម្តេច ទារសាគុណនោះទេ អ្វីដែលចង់បាន គឺទំនាក់ទំនងស្មើភាព ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ប្រសិនបើលោក ថាក់ ស៊ីន ទទួលបានសារដែលសម្តេចថ្លែងនៅពេលនេះ ហើយឆ្លើយតបថែមទៀតនោះសម្តេចនឹងប្រមូលព័ត៌មាន ទម្លាយចេញទាំងអស់នៅថ្ងៃស្អែក ៕
ដោយ៖វណ្ណលុក
