មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ អញ្ជើញចូលរួមកម្មវិធី “MWC Shanghai ២០២៥” និង “Policy Leaders Forum” នៅទីក្រុងសៀងហៃ
ភ្នំពេញ៖៖ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី “សមាជពិភពលោកទូរសព្ទចល័តទីក្រុងសៀងហៃឆ្នាំ២០២៥ (Mobile World Congress Shanghai 2025 – MWC Shanghai 2025) និងវេទិកាថ្នាក់ដឹកនាំគោលនយោបាយ (Policy Leaders Forum)។ព្រឹត្តិការណ៍នេះមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នជាតិនិងអន្តរជាតិ ប្រតិបត្តិករ អ្នកផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យាចល័តនិងឌីជីថលព្រមទាំងអ្នកវិនិយោគពាក់ព័ន្ធមកពីប្រទេសចំនួន ១២៤ប្រមាណ ៤០.០០០ នាក់។

កម្មវិធី MWC Shanghai ឆ្នាំ២០២៥ រៀបចំឡើងដោយសមាគមប្រព័ន្ធសកលសម្រាប់គមនាគមន៍ចល័ត (Global System for Mobile Communication Association – GSMA)កាលពីថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្នុងគោលបំណងផ្តល់ជាវេទិកាបំផុសគំនិត និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗស្តីពីនវានុវត្តន៍បច្ចេកវិទ្យារួមមាន៖ បច្ចេកវិទ្យា 5G បញ្ញាសិប្បនិម្មិត អ៊ីនធឺណិតនៃវត្ថុ (IoT) នៅក្នុងវិស័យនានា ព្រមទាំងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលផ្តល់មូលដ្ឋានគ្រឹះ និងបរិយាកាសអំណោយផលជាឃ្នាស់ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល។ ស្របនឹងកម្មវិធីនេះ ក៏មានការរៀបចំជាវេទិកា Policy Leaders Forum សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញរៀបចំគោលនយោបាយជួបពិភាក្សា និងចែករំលែកឧត្តមានុវត្ត និងទិសដៅនៃប្រព័ន្ធអេកូឡូស៊ីគមនាគមន៍ចល័ត។

វេទិកានេះបានបែងចែកជាប្រធានបទផ្សេងៗ ដែលក្នុងនោះ ឯកឧត្តម កែវ សុទ្ធិ ត្រូវបានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាក្រោមប្រធានបទស្តីពី “Laying the Foundation for an Inclusive AI Future” ក្នុងកិច្ចពិភាក្សាផ្តោតលើប្រធានបទស្តីពី “Closing the Digital Divide and Usage Gap” ដែលពិភាក្សាលើបញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការកាត់បន្ថយគម្លាតឌីជីថល រួមមាន កង្វះធនធាននិងអក្ខរកម្មឌីជីថល។

ក្នុងឱកាសនេះឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការកាត់បន្ថយគម្លាតឌីជីថល និងលើកកម្ពស់បរិយាបន្នឌីជីថល ជាអាទិ៍ (១) ការតាក់តែងសេចក្តីព្រាងច្បាប់ដើម្បីបង្កើតជាក្របខណ្ឌសម្រាប់វិស័យឯកជន រួមមានសេចក្តីព្រាងស្តីពីសន្តិសុខសាយប័រ, សេចក្តីព្រាងស្តីពីកិច្ចការពារទិន្នន័យបុគ្គល, សេចក្តីព្រាងគោលនយោបាយក្លោដអាទិភាព និងសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតដែលបានបើកការពិគ្រោះយោបល់ជាសាធារណៈ ,(២) ការដាក់ចេញនូវផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥, (៣) ការដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍សម្រាប់បណ្តុះបណ្តាលសិស្ស និងប្រជាពលរដ្ឋ (៤) ការដាក់ឱ្យប្រើប្រាស់នូវដំណោះស្រាយឌីជីថល និងថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលបានឈ្នះមេដាយមាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ,(៥) ការបង្កើតកម្មវិធីអាហារូបករណ៍និងជំនួយហិរញ្ញវត្ថុ និង (៦) កិច្ចសហការជាមួយក្រសួងអបរំយុវជន និងកីឡា លើយន្តការគ្រប់គ្រងវិជ្ជាជីវរៈវិស័យឌីជីថលកម្ពុជា ។

ក្នុងឱកាសនៃការចូលរួមវេទិកានេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ត្រូវបានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលចំនួន ២រួមមាន កិច្ចពិភាក្សាតុមូលថ្នាក់ជាតិរបស់សមាគមន៍ GSMA ស្តីពី “Powering the APAC Digital Economy Through Innovation” ដោយបានចែករំលែកទាក់ទងនឹងប្រធានបទស្តីពី “Creating an Enabling Environment for the Digital Economy” និងកិច្ចពិភាក្សាតុមូល ស្តីពី“The Sky is Not the Limit: Spectrum Challenges for Direct-to-Device Connectivity”ដែលមានការអញ្ជើញចូលរួមពីក្រសួងស្ថាប័នតំណាងប្រទេស។
ក្រៅពីការចូលរួមក្នុងវេទិកានិងកិច្ចពិភាក្សាតុមូល ឯកឧត្តមរដ្ឋលេខាធិការក៏បានចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយអង្គភាពចំនួន ២ ទៀតតាមការស្នើសុំ រួមមាន៖ កិច្ចប្រជុំជាមួយសមាគម GSMA និងកិច្ចប្រជុំជាមួយវិទ្យាស្ថានអប់រំបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចិន (China Academy Information and Communication Technology – CAICT) ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារពាក់ព័ន្ធ និងលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថលនាពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូក៏បានចូលរួមក្នុងការតាំងពិព័រណ៍ផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ


