សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំទទួលយកសំណើដែលស្នើឱ្យធ្វើជាអគ្គភស្តុភាជាន់ខ្ពស់ ដើម្បីផ្គត់ផ្គង់កងទ័ពវាយកម្ទេចចោរឈ្លានពានទឹកដីកម្ពុជា
ព្រះវិហារ៖ សម្តេចតេជោនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន បានប្រកាសពីទឹកដីខេត្តព្រះវិហារថា “ខ្ញុំទទួលយកសំណើដែលស្នើឱ្យខ្ញុំទទួលបន្ទុកជា អគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ ដើម្បីផ្គត់ផ្គង់កងទ័ព វាយកម្ទេចចោរឈ្លានពានទឹកដីកម្ពុជា” ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ។ក្នុងជំនួបប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញ ចំពោះអ្នកប្រតិដ្ឋព័ត៌មានថា សម្ដេចតែងតាំងខ្លួនឯង ជាអគ្គមេបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ។សម្ដេចតេជោបានគូសបញ្ជាក់ថា អ្នកដែលមានសិទ្ធិបញ្ជាកងទ័ព គឺនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ តែសម្ដេចជាមនុស្សទី២ បន្ទាប់ពីព្រះមហាក្សត្រ ដែលជាមេដឹកនាំរបស់ប្រទេស ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា” បងប្អូនគ្រាន់តែនិយាយលេងជាមួយខ្ញុំថា ហៅខ្ញុំថា អគ្គភស្ដុភារជាន់ខ្ពស់ ខ្ញុំទទួលយក ។ ខ្ញុំទទួលយក ដោយការពេញចិត្ត ដើម្បីផ្គត់ផ្គង់កងទ័ព វាយកម្ទេចចោល ចោរសៀម” ។

សម្តេចតេជោបានផ្តាំទៅសារព័ត៌មានថៃមួយដែលចុះផ្សាយមិនត្រឹមត្រូវថា «សម្តេចដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការជំនួសដើម្បីត្រៀមវាយថៃ»។ សម្តេចបានផ្តាំទៅសារព័ត៌មាននោះថា «បើឆ្កួត សូមឆ្កួតតែពួកអ្នកឯងចុះ» ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច បានលះបង់តំណែងជានាយករដ្ឋមន្ដ្រី ។ដូច្នេះមិនចាំបាច់ទៅកាន់អគ្គមេបញ្ជាការកងទ័ពដោយខ្លួនឯងនោះទេ។សម្ដេចមិនត្រឹមតែជាមេទ័ពទេ តែជាអ្នកបង្កើតទ័ព ដើម្បីវាយកម្ទេច ប៉ុល ពត កាលអតីតកាលទៀតផង ៕
ដោយ៖វណ្ណលុក
