លេចមុខរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ នៅចិន ចំពេលជម្លោះនៅមជ្ឈិមបូព៌ា
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានលេចមុខចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិ នៃអង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO នៅទីក្រុង Qingdao ភាគខាងកើត ប្រទេសចិន ចំពេលអាមេរិកលូកដៃចូលក្នុងជម្លោះ នៅមជ្ឈិមបូព៌ា នេះបើយោងតាមតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA។
ការលេចវត្តមាននេះ ក៏ស្របពេលដែលបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងដំណើរការ បន្ទាប់ពីការប្រយុទ្ធគ្នា រយៈពេល១២ថ្ងៃ ផងដែរ។ ក្រៅពីអ៊ីរ៉ង់ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ប្រមុខការពារជាតិ រុស្ស៊ី ប៉ាគីស្ថាន បេឡារុស ឥណ្ឌា និងប្រទេស ផ្សេងៗទៀត ហើយក៏ធ្វើឡើង ក្នុងពេលដែលមានកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសណាតូ នៅអឺរ៉ុប។
ថ្លែងស្វាគមន៍ប្រមុខការពារជាតិទាំងនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun បាននិយាយថា «ទង្វើអនាធិបតេយ្យ ការត្រួតត្រា និងការសម្លុតធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិ»។
ទីក្រុងប៉េកាំង ត្រូវបានគេដឹងថា ប្រឹងប្រែងជាយូរមកហើយ យកអង្គការសហប្រតិបត្តិការសៀងហៃហៅដែលមានសមាជិកទាំង១០ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិករបស់ខ្លួន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
