រុស្ស៊ីប្រឆាំងអ៊ីរ៉ង់ដែលផ្អាកសហការជាមួយទីភ្នាក់ងារបរមាណូអន្តរជាតិ

បរទេស ៖ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយប្រឆាំងនឹងសម្ព័ន្ធមិត្តដ៏សំខាន់ របស់ទីក្រុងមូស្គូ គឺ អ៊ីរ៉ង់ ដែលផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ IAEA ពោលគឺបន្ទាប់ពីសមាជិកសភាអ៊ីរ៉ង់ បានបោះឆ្នោតគាំទ្រ ការបញ្ឈប់ការងារ ជាមួយទីភ្នាក់ងារនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ មួយនេះ។

លោក Lavrov បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ថា «យើងចាប់អារម្មណ៍ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ រវាងអ៊ីរ៉ង់ និង IAEA ដូច្នេះ គ្រប់គ្នា គោរពសេចក្តីថ្លែងការណ៍ ម្តងហើយម្តងទៀត របស់អ៊ីរ៉ង់ ដែលថាខ្លួនមិនមានផែនការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ»។

ការសម្រេចចិត្ត របស់សមាជិកសភាអ៊ីរ៉ង់ បានធ្វើឡើង បន្ទាប់ពីសង្គ្រាមរយៈពេល ១២ថ្ងៃ ដែលបានឃើញការពីវាយប្រហារ របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរ។

ទីក្រុងមូស្គូផ្តល់ការគាំទ្រយ៉ាងសំខាន់ សម្រាប់ទីក្រុងតេអេរ៉ង់ ប៉ុន្តែ មិនបានវាយបក ដោយបង្ខំ ពីក្រោយដៃគូ របស់ខ្លួនឡើយ បើទោះបីជាសហរដ្ឋអាមេរិកបានបើកការវាយប្រហារ លើអ៊ីរ៉ង់ កាលពីចុងសប្តាហ៍។

ជាការកត់សម្គាល់ កាលពីដើមឆ្នាំនេះ រុស្ស៊ី និងអ៊ីរ៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយ អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធទីពីរ របស់រុស្ស៊ី នៅមជ្ឈិមបូព៌ា ពោលគឺបន្ទាប់របប លោក Bashar al-Assad នៅស៊ីរី ដែលត្រូវបានផ្តួលរំលំ កាលពីខែធ្នូ ឆ្នាំមុន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner