សម្តេចតេជោ ហ៊ុន សែន ៖ សម្ដីនាយករដ្ឋមន្ត្រីថៃ ជេរមេទ័ពខ្លួនឯង, បើនៅកម្ពុជា ស្មើនឹងទោសក្បត់ជាតិ
(ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ប្រជាជនថៃភាគច្រើន ចង់បានសន្ដិភាព និងចង់បានមិត្ដភាពជាមួយកម្ពុជា តែក៏ក្រុមជ្រុលនិយមមួយចំនួន រាប់ទាំងមេដឹកនាំនយោបាយថៃ បានវាយប្រហារខ្ញុំ ។
សម្ដេចតេជោ បានផ្ដាំទៅលោកជំទាវ អ៊ុងអ៊ីង នាយករដ្ឋមន្ត្រីថៃ ថា ខ្ញុំអស់ការអត់ធ្មត់ជាមួយលោកជំទាវហើយ បន្ទាប់ពីលោកជំទាវចេញមកវាយប្រហារខ្ញុំ និងប្រទេសខ្ញុំម្ដងហើយម្ដងទៀត ថ្ងៃនេះ ខ្ញុំនឹងបញ្ជាក់ពីរឿងរ៉ាវខ្លះឱ្យប្រជាជនថៃដឹងពីត្រកូលស៊ីណាវ៉ាត់ ។
សម្ដេចតេជោ បានបញ្ជាក់ថា ការទម្លាយសារឆ្លើយឆ្លង ជាមួយនាយករដ្ឋមន្រ្តីថៃ កាលពីពេលកន្លងមក សម្តេចមិនដែលនិយាយថា មេភូមិភាគទី២ របស់ថៃ ជាមនុស្សព្រហើន និងកោងកាចទេ គឺមានតែនាយករដ្ឋមន្រ្តីថៃលើកឡើងវាយប្រហារលើមេភូមិភាគទី២ របស់ខ្លួន ដើម្បីផ្គាប់ចិត្តសម្តេច ។ សម្តេច ថា បើនៅកម្ពុជាវិញនេះ គឺជាបទល្មើសក្បត់ជាតិ ដែលឃុបឃិតជាមួយបរទេស ជេរវាយប្រហារ លើមេទ័ពខ្លួនឯងវិញ ប៉ុន្តែនៅថៃ ជារឿងផ្សេងសម្ដេចមិនដឹងមិនលូកដៃឡើយ ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា កម្ពុជា មិនអនុញ្ញាតឱ្យបរទេសណា ប្រមាថកងទ័ព ឬមេទ័ពកម្ពុជាឡើយ។ សម្ដេច ចាត់ទុកថា ទង្វើជេរប្រមាថមេភូមិភាគពីររបស់ផែថងថាន គឺស្មើនឹងប្រមាថស្ដេចថៃ ព្រោះមេភូមិភាគពីរនេះ ព្រះមហាក្សត្រថៃ ជាអ្នកតែងតាំង ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ៕
ដោយ ៖ វណ្ណលុក



