សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះឧក្រិដ្ឋកម្មអនឡាញពីថៃតែប៉ុណ្ណោះ
(ព្រះវិហារ)៖ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះឧក្រិដ្ឋកម្មអនឡាញពីថៃតែប៉ុណ្ណោះ ខណៈមានតែប្រទេសថៃទេ ដែលមានជើងហោះហើរអន្តរជាតិសម្រាប់ប្រព្រឹត្តបទល្មើសនេះ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអះអាងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោកជំទាវនាយករដ្ឋមន្រ្ដីថៃ កំពុងបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា ដោយកាលពីថ្ងៃទី២៤ ខែមិថុនា លោកជំទាវបានប្រកាសថា បិទព្រំដែន ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃ បានបិទព្រំដែនជាឯកតោភគី តាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ ។
សម្តេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជា គ្រាន់តែជាជនរងគ្រោះដោយអំពើឆបោកអនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ ពីព្រោះ អ្នកឆបោកតាមអនឡាញ ទាំងអស់ ត្រូវបានសម្រួលដោយអាជ្ញាធរថៃ ដោយសារតែ កម្ពុជា ឡាវ មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹកអ្នកប្រព្រឹត្តអំពើទាំងនោះបានដោយផ្ទាល់នោះទេ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា ប្រទេសថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែលោកជំទាវនាយករដ្ឋមន្រ្ដីថៃ បែរជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារថៃទៅវិញ។ សម្ដេចតេជោ ជំរុញឱ្យបណ្ដាញផ្សព្វផ្សាយកម្ពុជា ផ្សព្វផ្សាយពីឧក្រិដ្ឋកម្មអនឡាញនៅថៃវិញ ៕
ដោយ ៖ វណ្ណលុក



