សម្តេចតេជោ ហ៊ុន សែន បានលើកឡើងឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាលទ្ធភាពស្នើធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានលើកឡើងឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាលទ្ធភាពស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិពលរដ្ឋកម្ពុជាណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ។ ការស្នើជាយោបល់របស់សម្តេចតេជោ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។

សម្តេចតេជោបានមានប្រសាសន៍ថា “ខ្ញុំសូមពន្យល់ទៅដល់អ្នកប្រឆាំងពេលនេះ អ្នកនៅជាមួយនឹងជាតិ ឬអ្នកនៅជាមួយបរទេស ត្រូវចាំ ឱកាសនេះប្រជាជនកម្ពុជាត្រូវធ្វើការវិនិច្ឆ័យតើអ្នកណានៅជាមួយនឹងជាតិកម្ពុជា? អ្នកណានៅជាមួយនឹងបរទេស? ដើម្បីបំផ្លាញកម្ពុជា។ ខ្ញុំសូមឱ្យបងប្អូនទាំងក្នុង និងក្រៅប្រទេសធ្វើការវិនិច្ឆ័យ ហើយសូមឱ្យបងប្អូននៅក្នុងបណ្តាគណបក្សនយោបាយនានាដែលមិនមែនជាគណបក្សប្រជាជនកម្ពុជា ធ្វើការវិនិច្ឆ័យទៅ។ ខ្ញុំស្តាយស្រណោះអ្នកក៏ជាជនជាតិខ្មែរ ខ្ញុំក៏ជាជនជាតិខ្មែរ ទោះបីអ្នកប្រឆាំង ប៉ុន្តែខ្ញុំចង់ឱ្យអ្នកចេះដឹង ព្រោះទោះបីអ្នកប្រឆាំងក៏អ្នកជាជនជាតិខ្មែរដែរ ប៉ុន្តែបើអ្នកប្រឆាំង ហើយបែរជាទៅឃិបឃិតជាមួយបរទេសបំផ្លាញខ្មែរ ប្រហែលជាមានតម្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសាជាថ្មីទៀត”។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា “ខ្ញុំសូមផ្តាំផ្ញើទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ ព្រោះពេលនេះ ជាពេលវេលាដែលត្រូវការហើយ ច្បាប់រដ្ឋធម្មនុញ្ញរបស់យើងមិនអនុញ្ញាតឱ្យមានការដកសញ្ជាតិទេ ហើយខ្លួនខ្ញុំទប់ទល់អារឿងហ្នឹង ប៉ុន្តែកាលពីសម័យសាធារណរដ្ឋខ្មែរវាកាត់ទោសព្រះករុណាព្រះបិតា ហ្លួងម៉ែ វាកាត់ទោសដកសញ្ជាតិ តុលាការរបស់លន់ នុល មានច្បាប់អនុញ្ញាតឱ្យដកសញ្ជាតិ។ ប៉ុន្តែនៅក្នុងរដ្ឋធម្មនុញ្ញយើង គឺមិនដកសញ្ជាតិ មិននិរទេសពលរដ្ឋខ្មែរ។ ប៉ុន្តែនៅពេលវេលានៃការបង្ហាញមកដល់អំពីការឃុបឃិតជាមួយបរទេសប្រឆាំងនឹងជាតិឯង តើតម្រូវឱ្យមានការដកសញ្ជាតិទេ? សូមឱ្យសិក្សាអំពីបញ្ហានេះ នេះគ្រាន់តែជាគំនិតផ្តួចផ្តើមដែលខ្ញុំមើលឃើញថា វាល្មមដល់ពេលហើយដែលកម្ពុជាត្រូវធ្វើរឿងនេះ ដើម្បីជាការធានាការអះអាងមួយថា កម្ពុជាមិនត្រូវបានទទួលការជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសទៅលើជនជាតិខ្មែរម្នាក់ ដើម្បីប្រឆាំងផលប្រយោជន៍របស់ខ្លួនទេ”៕
ដោយ៖ពលជ័យ

ads banner