អេស្ប៉ាញព្រមានថា ហ្គាហ្សាប្រឈមនឹងអំពើប្រល័យពូជសាសន៍

ព្រូចសែល ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃព្រហស្បតិ៍ និយាយថា តំបន់ហ្គាហ្សាកំពុងស្ថិតក្នុងស្ថានភាពមហន្តរាយ នៃអំពើប្រល័យពូជសាសន៍ និងបានជំរុញឱ្យសហភាពអឺរ៉ុបផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ៊ីស្រាអែលជាបន្ទាន់។

មេដឹកនាំអេស្ប៉ាញរូបនេះ ជាអ្នកប្រកាសថ្កោលទោសយ៉ាងខ្លាំង និងជាអ្នករិះគន់មិនសំចៃមាត់ចំពោះការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបង្កឡើងដោយការវាយប្រហារឆ្នាំ២០២៣ របស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល។

យោងតាមរបាយការណ៍សិទ្ធិមនុស្សរបស់អឺរ៉ុប បានបង្ហាញថា អ៊ីស្រាអែលកំពុងរំលោភលើកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ស្ថិតក្រោមកិច្ចព្រមព្រៀងដែលបង្កើតជាមូលដ្ឋានសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម។

របាយការណ៍នេះ បានចោទប្រកាន់អ៊ីស្រាអែលជាប់ពាក់ព័ន្ធនឹងការបិទផ្លូវជំនួយមនុស្សធម៌ ការស្លាប់ដ៏ច្រើននៃជនស៊ីវិល ការវាយប្រហារលើអ្នកកាសែត ការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញដ៏ធំ ដែលបណ្តាលមកពីសង្រ្គាម។

គួរកត់សម្គាល់ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ចំនួន១.២១៩នាក់នៅខាងភាគីអ៊ីស្រាអែល ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការ។

យុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៦.១៥៦ នាក់នៅតំបន់ ហ្គាហ្សា ដែលភាគច្រើនជាជនស៊ីវិលផងដែរ នេះបើតាមក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ខណៈអង្គការសហប្រជាជាតិក៏ចាត់ទុកតួលេខនេះគួរឱ្យទុកចិត្តផងដែរ។

ជាងនេះទៅទៀត ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក៏បានចាប់មនុស្ស ២៥១នាក់ធ្វើជាចំណាប់ខ្មាំងផងដែរ ក្នុងនោះ ៤៩នាក់កំពុងជាប់ឃុំនៅហ្គាហ្សានៅឡើយ ហើយ២៧នាក់យោធាអ៊ីស្រាអែលនិយាយថាបានស្លាប់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner