ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ លើកកម្ពស់គុណភាពសម្ភារៈ បរិក្ខារ និងផលិតផលសំណង់ប្រកបដោយនិរន្តរភាព ប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ត្រូវរួមគ្នាគិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ប្រកបដោយនិរន្តរភាព ក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ។
ថ្លែងក្នុងសិក្ខាសាលាស្តីពីនិរន្តរភាពនៃសំណង់ តាមរយៈការលើកកម្ពស់ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ប្រកបដោយប្រសិទ្ធភាព នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ និងជាឱកាសដល់សិក្ខាកាមជាសិស្ស និស្សិតបានក្រេបយកចំណេះដឹងពីវាគ្មិន ដែលជាមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយក៏ជាចន្លុះបំភ្លឺផ្លូវសំរាប់យើងទាំងអស់គ្នា ដើម្បីដើរទៅរកការឯកភាពរួមគ្នាមួយ ។
លើសពីនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច មានប្រជាជនតិច ដូច្នេះរាល់ជំហានដែលត្រូវដើរគឺត្រូវតែជាជំហានដែលត្រឹមត្រូវ និងមិនអាចថយក្រោយឡើយ ហើយតាមរយៈសិក្ខាសាលានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមការគិតគូរដំណើររបស់កម្ពុជាជារួម និងដាក់ចេញនូវគំនិតត្រិះរិះពិចារណា ដើម្បីបានការឯកភាពស្រុះស្រួលគ្នា លើកកម្ពស់ការយល់ដឹងពីមុខរបរ និងជំនាញ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របពេលជាមួយការគិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ប្រកបដោយនិរន្តរភាពក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឳ្យទៅជាទ្រនំសុភមង្គល និងភូមិឋានក្សេមក្សាន្តសំរាប់ទាំងអស់គ្នា ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់មន្ទីរពិសោធន៍ជាតិសំណង់ និងដៃគូសហការទាំងអស់ ជាពិសេសក្រុមហ៊ុនDAIKIN Cambodia ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងអំណរគុណដល់ស្ថានទូតជប៉ុន ដែលតែងតែបានធ្វើកិច្ចសហប្រតិបត្តិការជិតស្និត ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយឯកឧត្តម ចាត់ទុកថាទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជាគឺជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងដំណើរដ៏វែងឆ្ងាយ ពីព្រោះជប៉ុនគឺជាតួអង្គយុទ្ធសាស្ត្រក្នុងការស្វែងរកសន្តិភាពឡើងវិញសំរាប់កម្ពុជា និងជាដៃគូ “ស្មាកៀកស្មា” ក្នុងការជួយដល់កម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ។
ឯកឧត្តម ញ៉ ហេង អគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានឱ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខាសំណង់ និងផលិតផលសំណង់ ប្រកបដោយនិរន្តភាពក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យនេះ ឲ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភណភាព ដើម្បីធានាការពារឲ្យកាន់តែប្រសើរនូវសុខភាពសាធារណៈ ទ្រព្យសម្បត្តិម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ដោយលើកយកប្រធានបទចំនួនបី មកបង្ហាញគឺ ៖
១) ការងារពិសោធន៍សំណង់សំខាន់ៗ សម្រាប់ការវាយតម្លៃគុណភាព និងសុវត្តិភាពសំណង់ ។
២) ដំណើរការឆ្ពោះទៅរកអព្យាក្រិតភាពកាបូន ដើម្បីអនាគតប្រកបដោយនិរន្តភាព ។
៣) ការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តរបស់មន្ទីរពិសោធន៍ជាតិសំណង់ ៕






ដោយ / គ្រី សម្បត្តិ