ក្រុមហ៊ូទីបាញ់មីស៊ីលជាង ៣០០គ្រាប់លើអ៊ីស្រាអែល ចាប់តាំងពីខែមិនា
សាណាអា ៖ ចាប់តាំងពីពាក់កណ្តាលខែមីនា កងកម្លាំងហ៊ូទីបានអូសចេញពីឃ្លាំងនូវមីស៊ីលបាលិស្ទីក និងកាំជ្រួចលឿនជាងសំលេងចំនួន ៣០៩គ្រាប់ រួមទាំងយន្តហោះដ្រូនវាយប្រហារប្រទេសអ៊ីស្រាអែល នេះបើតាមការអះអាងរបស់មេដឹកនាំក្រុមហ៊ូទីនៅយេម៉ែន លោក Abdul-Malik កាលពីថ្ងៃព្រហស្បតិ៍។
នៅក្នុងសុន្ទរកថាចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ Al-Masirah លោក Abdul-Malik បាននិយាយថា គិតក្នុងខែមិថុនាតែមួយប៉ុណ្ណោះ កងជីវពលខ្លួនបានបាញ់មីស៊ីលចំនួន ២៥គ្រាប់ ព្រមទាំងប្រើប្រាស់យន្តហោះដ្រូនវាយប្រហារប្រទេសអ៊ីស្រាអែល ជាផ្នែកមួយដែលលោកបានពិពណ៌នាថា ជា “ប្រតិបត្តិការយោធាប្រកបដោយគុណភាព ដើម្បីគាំទ្រដល់តំបន់ហ្គាហ្សា”។
លោកបានអះអាងសាជាថ្មីថា ក្រុមហ៊ូទីនៅតែបិទច្រកសមុទ្រក្រហម ដើម្បីបិទខ្ទប់ចរាចរណ៍ផ្លូវទឹកពាក់ព័ន្ធនឹងអ៊ីស្រាអែល ដរាបណាទីក្រុងហ្សេរុយសាឡឹមនៅតែបន្តការវាយលុកនៅតំបន់ហ្គាហ្សា ដោយមានអាមេរិកជាខ្នងបង្អែក។
ជាមួយគ្នានេះ លោក Abdul-Malik បានអំពាវនាវឱ្យធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃសុក្រនេះ នៅក្នុងទីក្រុងសាណាអា និងតំបន់ផ្សេងៗទៀតទូទាំងប្រទេសយេម៉ែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូទី ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ពិសេសជាការអបអរសាទរដល់អ៊ីរ៉ង់ ចំពោះអ្វីដែលលោកបានចាត់ទុកថា ជា “ជ័យជម្នះដ៏អស្ចារ្យ និងស្ថិរភាព” ក្នុងសង្គ្រាមប្រឆាំងអ៊ីស្រាអែល។
គួរកត់សម្គាល់ ក្រុមហ៊ូទីដែលគ្រប់គ្រងទឹកដីភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បានចាប់ផ្តើមកំណត់គោលដៅវាយលុកអ៊ីស្រាអែលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ពោលគឺប៉ុន្មានសប្តាហ៍បន្ទាប់ពីការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ជាអ្វីដែលពួកគេនិយាយថា ជាសកម្មភាពបង្ហាញសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា