លោកស្រី ផៃថងថាន និងក្រុមយោធាជ្រុលនិយមថៃ ឈប់ប្រើល្បិចកលស្វាស៊ីបាយរួចលាបមាត់ពពែទៀតទៅ
ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអនុប្រធានគណ:ឃោសនាអប់រំ គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសរសេរលើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួនថា: តាមរយ:ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្តព្រះវិហារ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបានសាធារណ:មតិជាតិ និងអន្តរជាតិ មើលឃើញយ៉ាងច្បាស់អំពីល្បិចកលរបស់រដ្ឋាភិបាលថៃ ក្នុងរជ្ជកាលដឹកដោយលោកស្រី ផៃថងថាន ស៊ីនណាវ៉ាត្រ ដែលមានអំពើក្បត់ ហើយអំពើក្បត់នេះមិនត្រឹមតែជាមួយដៃគូសហប្រតិបត្តិការជាមួយបរទេសប៉ុណ្ណោះទេ គឺ បានក្បត់ប្រជាជន-ប្រទេសជាតិថៃខ្លួនឯង និងព្រះមហាក្សត្រថៃ ថែមទៀតផង។ ដោយលោកស្រី ផៃថងថាន យកសម្លេងបែកធ្លាយ នៃការសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយខ្លួន ទៅប្រើប្រាស់វាយប្រហារបែបក្មេងពាល ដើម្បីយកប្រជាប្រិយភាពលើកិច្ចការផ្ទៃក្នុងរបស់ខ្លួនឯង តាមរយ:ប្រើយុទ្ធសាស្ត្រស្វាស៊ីបាយរួចលាបមាត់ពពែ ដោយបង្វែរថា សម្តេចជោធ្វើនេះ ដើម្បីស្វែងរកប្រជាប្រិយភាពជាមួយប្រជាជនកម្ពុជាទៅវិញ។
ឯកឧត្តម ណុប ចាន់ណារិន្ទ បានសុំឱ្យសាធារណ:ជន និងលោកស្រីនាយករដ្ឋមន្ត្រីថៃ ពិនិត្យ និងស្តាប់ការបែកធ្លាយសម្លេងសន្ទនារបស់លោកស្រី ជាមួយសម្តេចតេជោ ហ៊ុន សែន ឡើងវិញ ថាតើជាសម្លេងដែលលោកស្រី ខំហៅទូរស័ព្ទមកអង្វរសុំសម្តេចតេជោ ឲ្យជួយដើម្បីប្រយោជន៍ផ្ទាល់ខ្លួនលោកស្រីខ្លួនឯង ឬសម្តេចតេជោ ចង់បានប្រជាប្រិយភាព? តែលោកស្រីបែរជាមកប្រឌិតថា ដើម្បីប្រជាប្រីយ៍ភាពរបស់សម្តេចតេជោ ទៅវិញ? រឿងពិតវាគ្មានហេតុផលដូចលោកស្រីលើកឡើងបែបនេះទេ ព្រោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រជាជនកម្ពុជាទូទាំងប្រទេសគោរពជា”សម្តេចពុក ឬពុកៗពេញមាត់”រួចទៅហើយ និងបច្ចុប្បន្នសម្តេតេជោគឺជានិម្មិតរូបនៃ “សន្តិភាព និងសាមគ្គីភាព” នៃប្រទេសជាតិនិងប្រជាជនកម្ពុជា ទៀតផង ។
ដូចនេះសូមលោកស្រី ស្តាប់ពាក្យសំដីជាភាសាសៀមខ្លួនឡើងវិញ ថាតើលោកស្រី សុំអង្វរ សម្តេចតេជោ យ៉ាងណា? រួចគិតខ្លួនឯងទៅថា តើវាជាពាក្យសំដីយុទ្ធសាស្ត្រ “ចរចា” ឬក៏ជាពាក្យ “អង្វរលន់តួ” សុំឲ្យជួយខ្លួន ?
ហើយបើថាជាយុទ្ធសាស្ត្រចរចា ម្តេចមិនសុំចរចា ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី?
ឯកឧត្តម ណុប ចាន់ណារិន្ទ ថា: ឈប់កុហក់ខ្លួនឯង ឈប់លេងល្បែងល្បិចបោក បែបស្វាស៊ីបាយរួចលាបមាត់ពែទៀតទៅ។ តាមពិតខ្លួនឯងទេដែលបាត់បង់ការគាំទ្រ បាត់បង់ប្រជាប្រីយ៍ គ្មានសមត្ថភាពដឹកនាំបញ្ជានយោបាយ និងខ្លាចអំណាចយោធាក្នុងប្រទេសរបស់ខ្លួន ហើយចង់រក្សាដំណែងខ្លួនឯងកុំឲ្យធ្លាក់ពីដំណែងជានាយករដ្ឋមន្ត្រី ទើបខំកាត់ខ្មាស់ ក្បត់ប្រជាជន ក្បត់កងទ័ព ដើម្បីទូរស័ព្ទមកអង្វរសុំសម្តេចតេជោឲ្យជួយខ្លួន ដោយឥតអៀនខ្មាស់ឲ្យសម្តេចតេជោ ជួយប្រាប់ទៅសម្តេចធិបតីឲ្យសម្រួលដើម្បីជួយខ្លួនផង… ៕


