តំបន់ឆ្នេរកូរ៉េខាងជើងថ្មី ផ្ទុកភ្ញៀវបានជិត២ម៉ឺននាក់
បរទេស ៖ ទូរទស្សន៍ KCTV ផ្លូវការ របស់កូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un និង កូនស្រី ឈ្មោះ Kim Ju Ae ចូលរួម ក្នុងពិធីត្រៀមបើកដំណើរការ តំបន់ទេសចរណ៍ឆ្នេរថ្មី ឈ្មោះ Wonsan Kalma ដែលអាចទទួលភ្ញៀវ បានជិត២ម៉ឺននាក់។

បើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឲ្យដឹងថា គម្រោងទេសចរណ៍ ស្ថិតនៅក្នុងខេត្ត Kangwon ដែលដឹកនាំផ្ទាល់ ដោយមេដឹកនាំ គីម ជុងអ៊ុន ជាចាយពេលជាច្រើនឆ្នាំ មួយនេះ គ្រោងនឹងបើកដំណើរការ នៅសប្តាហ៍ក្រោយ។ តំបន់ទេសចរណ៍ Wonsan Kalma មានសណ្ឋាគារ និងកន្លែងស្នាក់ ដែលអាចឲ្យអ្នកទេសចរ ហែលទឹកសមុទ្រ, ចូលរួមក្នុងសកម្មភាពកីឡា និង ការកម្សាន្ត ព្រមទាំង ទទួលទានអាហារ នៅភោជនីយដ្ឋាន នៅនឹងកន្លែង។

លោក Kim បាននិយាយថា ការសាងសង់នេះ នឹងត្រូវបានកត់ត្រាថា ជា “ជោគជ័យដ៏អស្ចារ្យបំផុតមួយនៅឆ្នាំនេះ” ហើយបានហៅថា “ជាជំហានដំបូង ដែលមានមោទនភាព” ឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៍។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើពេលណា ប្រទេសមួយនេះ នឹងបើកឡើងវិញ ពេញលេញ សម្រាប់ភ្ញៀវបរទេស នោះទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

