មីយ៉ាន់ម៉ាដុតកម្ទេចថ្នាំញៀន តម្លៃ៣០០លានដុល្លារ

បរទេស ៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដុតកម្ទេចថ្នាំញៀន តម្លៃប្រមាណ ៣០០លានដុល្លារអាមេរិក ចំពេលដែលការលើកឡើង ពីសំណាក់អាជ្ញាធរថា មានការធ្លាក់ នៃការជួញដូរ ជាប្រចាំឆ្នាំ។

ការដុតបំផ្លាញ បានបញ្ជូនផ្សែងខ្មៅ យ៉ាងសន្ធោសន្ធៅ ឡើងទៅលើអាកាស ពាសពេញទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃព្រហស្បតិ៍។ ប៉ូលិសបាននិយាយថា គ្រឿងញៀនទាំងនេះ រួមមាន ហេរ៉ូអ៊ីនជាង ១៧០០គីឡូក្រាម មេតំហ្វេតាមីន ១៦ ០០០ គីឡូក្រាម និងថ្នាំរំញោច ២៨១ លានគ្រាប់។ ប្រភពបន្តថា ពិធីដុតបំផ្លាញគ្រឿងញៀន ផ្សេងទៀត ក៏បានធ្វើឡើង នៅក្នុងទីក្រុង Mandalay និង Taunggyi ផងដែរ។

ទោះបីជាមានចំនួនច្រើន ក៏ដោយ ការិយាល័យប៉ូលិសជាន់ខ្ពស់មួយរូប បាននិយាយថា «តាមពិតទៅ ការដឹកគ្រឿងញៀនបានធ្លាក់ចុះ ដោយសារតែការប្រយុទ្ធគ្នាកាន់តែខ្លាំង នៅក្នុងសង្គ្រាមស៊ីវិល របស់ប្រទេសមួយនេះ»។

របបយោធាមីយ៉ាន់ម៉ា កំពុងប្រយុទ្ធប្រឆាំងនឹងក្រុមទ័ពព្រៃដែលប្រឆាំងរដ្ឋប្រហារ និងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលបានធ្វើសកម្មភាព ជាយូរមកហើយ នៅក្នុងតំបន់ព្រំដែន របស់ប្រទេស ដែលមានទីផ្សារងងឹត កាន់តែច្រើន។ អ្នកវិភាគធ្លាប់បាននិយាយថា យោធាមីយ៉ាន់ម៉ា ក៏មានទំនាក់ទំនង ទៅនឹងការផលិតថ្នាំញៀន ដែលទទួលបានប្រាក់ចំណេញខ្ពស់ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner