សម្ដេចតេជោ ហ៊ុន សែន ព្រមានជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានព្រមានចំពោះជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេ អ្នកនឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងពិធីមីទ្ទិញរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ។
សម្ដេចតេជោ មានប្រសាសន៍ថា អំពើល្អរបស់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាយុទ្ធសាស្ត្រឈ្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ ។ ប្រជាជនយល់ដឹងពីគណបក្ស ជឿលើគណបក្ស ហើយចូលរួមសកម្មអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គឺតាមរយៈជួរមន្ត្រីនេះឯង ។ ហេតុនេះ មន្ត្រីគណបក្សត្រូវតែរឹងមាំ និងស្អាតស្អំ ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌។ ការជាក់ស្ដែងបានបង្ហាញថា ប្រជាជនត្រូវការតួនាទីដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែប្រជាជនមិនសប្បាយចិត្តឡើយចំពោះទង្វើខុសឆ្គងរបស់មន្ត្រីមួយចំនួន។ អាស្រ័យហេតុនេះ មន្ត្រីគ្រប់រូប ត្រូវធ្វើតែអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយប្រជាជនឡើយ ។
សម្ដេចបន្តថា សាមគ្គីភាពជាតិ ជាអាយុជីវិតរបស់ជាតិ មានសាមគ្គីភាពទើបជាតិរស់ បើបែកបាក់សាមគ្គី-ភាពជាតិ នឹងត្រូវស្លាប់ ប្រវត្តិសាស្ត្របានបង្ហាញច្បាស់គ្រប់គ្រាន់ហើយនូវហេតុផលនេះ។ គណបក្សប្រជាជនកម្ពុជា ដែលបានជ្រោងទង់មហាសាមគ្គីជាតិនៅគ្រប់ដំណាក់កាល នឹងបន្តអនុវត្តកាតព្វកិច្ចនេះ ប្រកបដោយជំហរទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជា-ណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តវប្បធម៌សន្ទនាប្រកបដោយភាពប្រាកដជាក់ស្ដែង ជាមួយបណ្ដាគណបក្សនយោបាយនានា និងមជ្ឈដ្ឋានផ្សេងៗក្នុងសង្គម ដើម្បីបង្កើតភាពសុខដុម ការពង្រឹងឯកភាពជាតិ និងការថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យ ដែលគោរពដល់ភាពចម្រុះនៃទស្សនៈ និងមតិ បានផ្ដល់មធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសង្គម និងនយោបាយ ដោយឈរលើមូលដ្ឋាននីតិរដ្ឋ និងការផ្សះផ្សាជាតិ។ ក្នុងទិសដៅនេះ គណបក្សប្រជាជនកម្ពុជាបានធ្វើសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន ២៨ ដោយគោរពឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ស្មើភាព និងស្មើសិទ្ធិ ដើម្បីប្រមូលកម្លាំងស្នេហាជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែង ។
សម្ដេចតេជោ បានលើកឡើងថា សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធផលដ៏វិសេសវិសាលដែលយើងសម្រេចបានមកយ៉ាងលំបាកតាមរយៈនយោបាយឈ្នះ ឈ្នះ ដោយឆ្លងកាត់ការតស៊ូ ការអត់ធ្មត់ និងការទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់។ ប៉ុន្តែសន្តិភាព នៅមានការគំរាមកំហែងនៅឡើយពីសំណាក់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលព្យាយាមធ្វើឱ្យសង្គមមានការបែកបាក់ ពោរពេញដោយកំហឹង ការភាន់ច្រឡំ និងភាពសម្អប់ សំដៅឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយហិង្សា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនាជ្រុលនិយមឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាពបានឡើយ ។
សម្ដេចតេជោ ហ៊ុន សែន ក៏សូមយកឱកាសនេះ បញ្ជាក់ថែមទៀតថា ចំពោះជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេ អ្នកនឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


