រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជា សម្រេចការនាំចេញ មានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើន ១៧,៩៨%
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិសម្រេចបាន ២៥៥០៣លានដុល្លារអាម៉េរិក កើន ១៨% ក្នុងនោះ ការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើន ១៧,៩៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងពិធីមីទ្ទិញរំឭកខួបទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២៥) ។
សម្ដេចតេជោ បានលើកឡើងថា ក្នុងដំណើរវិវត្តន៍ជាវិជ្ជមាន ក្រោមការដឹកនាំរបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នេះ យើងអាចកត់សម្គាល់ ប្រកបដោយមោទនភាពចំពោះសន្ទុះរីក ចម្រើន នៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ជាអាទិ៍ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាយ៉ាងល្អ អតិផរណាមានកម្រិតទាប តម្លៃប្រាក់រៀលមានស្ថិរភាព ទុនបម្រុងអន្តរជាតិក៏បន្តកើន ។
សម្ដេចតេជោ បានបញ្ជាក់ថា តាមការរំពឹងទុក សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រាកំណើន ៥,២% ក្នុងឆ្នាំ ២០២៥។ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចបាន ២៥ ៥០៣ លានដុល្លារអាម៉េរិក កើន ១៨% ក្នុងនោះការនាំចេញមានតម្លៃ ១២ ០១៤លានដុល្លារអាម៉េរិក កើន ១៧,៩៨% បើធៀបនឹងរយៈពេល ដូចគ្នា ឆ្នាំ ២០២៤។
សម្ដេចបន្តថា គម្រោងវិនិយោគដែលបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេល ៥ ខែដើមឆ្នាំ មានចំនួន ២៩០ គម្រោង កើន ១៣៧ គម្រោង និងមានទុនវិនិយោគប្រមាណ ៤,២ ពាន់លាន ដុល្លារអាម៉េរិក កើន ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើនការងារបានប្រមាណ ២០ម៉ឺនកន្លែង។ ចំនួនសហគ្រាស គ្រឹះស្ថានបានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ ដែលមានកម្មករនិយោជិត សរុប ១,៨៧ លាននាក់ កើនប្រមាណ ៥ម៉ឺននាក់។ ការបង្កបង្កើនផលស្រូវ រដូវប្រាំងឆ្នាំ ២០២៥ សម្រេចបាន ៩០៧ ៨៨៩ ហិចតា លើសឆ្នាំមុន ៦៧ ៧០១ហិចតា ឯការប្រមូលផលស្រូវរដូវប្រាំង សម្រេចបាន ៤ ២៥៤ ៥០៨តោន លើសឆ្នាំមុន ៤១៨ ០០០តោន ស្មើនឹង ១០,៩០%។
សម្ដេចតេជោ បានបន្ថែមថា កម្ពុជា បានទទួលទេសចរអន្តរជាតិ ចំនួន ២,៩៥ លាននាក់ កើន ១១,៧% ឯទេសចរជាតិមានចំនួន ១៣,១៦ លាននាក់ កើន ៥០% ធៀបនឹងរយៈពេល ៥ខែ ឆ្នាំ ២០២៤។ ជាមួយគ្នានេះ ការកសាង ពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន អគ្គិសនី ព្រែកជីក កំពង់ផែ ព្រលានយន្តហោះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ល។ កំពុងត្រូវបានជំរុញ យ៉ាងខ្លាំងថែមទៀត។
សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា ឆ្លងតាមលទ្ធផលជាក់ស្តែងទាំងអស់នេះ បានបង្ហាញថា រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តនូវអ្វីៗ ដែលជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះមុខប្រជាជនប្រកបដោយជោគជ័យ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


