អាជ្ញាធរខេត្តកំពត រៀបចំពិព័រណ៍ផលិតផលសក្តានុពល “ភូមិមួយផលិតផលមួយ” រយៈពេល ៣ថ្ងៃ
(កំពត)៖ ដើម្បីជំរុញចលនាភូមិ១ផលិតផល១ និងផ្ដល់ឱកាសចែករំលែកផ្លាស់ប្ដូរបទពិសោធន៍រវាងអាជីវករ និងអាជីវករ បង្កើនឱកាសទីផ្សារ ភាពជាដៃគូលើវិស័យពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង អាជ្ញាធរខេត្តកំពត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំពិព័រណ៍ផលិតផលសក្តានុពល “ភូមិមួយផលិតផលមួយ” រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧-២៩ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណផ្សារចុងសប្ដាហ៍
ទីរួមខេត្តកំពត ក្រោមអធិបតីភាព លោក មឿង គង្គា អភិបាលរងខេត្ត ។
លោក មឿង គង្គា បញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ ឯកឧត្តម ម៉ៅ ធនិន តែងតែគិតគូរ និងបានដាក់ចេញនូវវិធានការណ៍ផ្សេងៗ ដើម្បីជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុករបស់ប្រជាកសិករ ពិសេសលើកកម្ពស់ផលិតផលសក្តានុពលរបស់ខេត្ត។
លោក អភិបាលរងខេត្ត បន្តថា ខេត្តកំពត គឺជាខេត្តមួយដែលសំបូរទៅដោយធនធានធម្មជាតិ និងដំណាំសក្តានុពលជាច្រើនដែលមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ ដូច្នេះយើងទាំងអស់គ្នាត្រូវតែខិតខំថែរក្សាឱ្យបាននូវកេរ្ត៍ឈ្មោះផលិតផលខេត្ត ដោយរក្សានូវភាពស្មោះត្រង់ មិនលក់កេងបន្លំ ភូតភរកុហក់ អតិថិជន ដែលជាកត្តាធ្វើឱ្យខូចឈ្មោះផលិតរបស់ខេត្តយើង។
ឯកឧត្តម បានបន្តថា ពិព័រណ៍ក្នុងពេលនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលសក្តានុពលរបស់ខេត្តកំពត ដល់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដើម្បីជំរុញចលនាភូមិ១ផលិតផល១ ផ្ដល់ឱកាសដល់អ្នកផលិត អ្នកវេចខ្ចប់ និងអាជីវករ ម្ចាស់សហគ្រាស ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នា និងគ្នា បង្កើនឱកាសទីផ្សារ ភាពជាដៃគូអភិវឌ្ឍន៍ផ្នែកវិស័យពាណិជ្ជកម្ម ឱ្យកាន់តែប្រសើរឡើង ហើយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ អាចសួរនាំ និងអាចទិញផលិតផលទាំងនោះទៅបាន៕
ដោយ ៖ សិលា សារិន