ស្រ្តីខ្មែរ ២នាក់ ដែលទាហានថៃ ឃាត់ខ្លួន ត្រូវបានដោះលែងវិញហើយ ក្រោមការសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ

(បន្ទាយមានជ័យ)៖ ក្រោមការសម្របសម្រួលរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ រួមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ស្រ្តីខ្មែរ ២នាក់ដែលទាហានថៃឃាត់ខ្លួន នៅទឹកដីថៃ កាលពី២ថ្ងៃមុននោះ នៅពេលនេះត្រូវបានដោះលែងវិញហើយ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

ដោយមានការណែនាំជាប់ជាប្រចាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរពាក់ព័ន្ធ សហការជាមួយអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បីធ្វើការដោះស្រាយជាមួយភាគីថៃ រហូតពួកគេបានដោះលែងស្រ្តីទាំង២នាក់ ត្រឡប់មកវិញ ។

ស្ត្រីពិការភាពឈ្មោះ អោម វណ្ណារី អាយុ ៤៥ឆ្នាំ និងលោកស្រី ផូ ឌីណា អាយុ ៥០ឆ្នាំ ដែលអ្នកទាំង២ មានស្រុកកំណើតនៅបាត់ដំបង។

សូមបញ្ជាក់ថា ស្រ្តីខ្មែរទាំង២នាក់ ត្រូវទាហានថៃឃាត់ខ្លួន ពេលតវ៉ានៅច្រកព្រំដែនអន្ដរជាតិខ្លងលឹក ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះតែទាហានថៃ មិនព្រមបើកច្រកឲ្យចេញមកប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

យោងតាមសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយថា ស្រ្ដីខ្មែរ ២នាក់ ដែលធ្វើការនៅប្រទេសថៃ ត្រូវបានទាហានថៃឃាត់ខ្លួន នៅពេលដែលពួកគាត់តវ៉ា នៅច្រកទ្វារអន្ដរជាតិខ្លងលឹក ទល់មុខនឹងច្រកទ្វាអន្ដរជាតិប៉ោយប៉ែត ដើម្បីត្រៀមធ្វើដំណើរឆ្លងមកប្រទេសកម្ពុជាវិញ ប៉ុន្ដែត្រូវបានទាហានថៃ មិនបើកច្រកឲ្យតាំងពីព្រឹករហូតដល់ ៧ជាងយប់ ៕

ដោយ ៖ ឃិន គន្ធា

ads banner