លោក ត្រាំ ព្រមានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងព្រមានកាលពីថ្ងៃសុក្រថា លោកនឹងបញ្ជាឲ្យទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត បើសិនចារកម្មរកឃើញថា ប្រទេសនេះនៅតែបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតអាវុធនុយក្លេអ៊ែរ។
ជាមួយគ្នានេះ លោកប្រធានាធិបតី ត្រាំ បានរិះគន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលបានអួតក្តែងៗថា អ៊ីរ៉ង់បានឈ្នះសង្រ្គាមជាមួយអ៊ីស្រាអែល។
លោក ត្រាំ និយាយថា លោក Khamenei និងអ៊ីរ៉ង់ “បានចាញ់សង្គ្រាមយ៉ាងអាម៉ាស់” នៅក្នុងអរិភាពជាមួយអាមេរិក និងអ៊ីស្រាអែល ហើយថា វាជាពេលវេលាដ៏ល្អមួយដើម្បីបញ្ចប់ជម្លោះ។
ការអត្ថាធិប្បាយរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei បានប្រកាសថា អ៊ីរ៉ង់បានឈ្នះក្នុងជម្លោះជាមួយអ៊ីស្រាអែល និងគំរាមវាយប្រហារអាមេរិកម្តងទៀត បើសិនអ៊ីរ៉ង់រងការវាយប្រហារណាមួយពីអាមេរិកទៀត។
សង្គ្រាមពាក្យសម្តីរវាងមេដឹកនាំទាំងពីរកើត ឡើង ស្របពេលមានបទ ឈប់ បាញ់ ដ៏ ផុយស្រួយ ក្នុង ជម្លោះ រវាង អ៊ីស្រាអែល និងអ៊ីរ៉ង់។
សូមរម្លឹកថា កងកម្លាំងយោធាអាមេរិកបានទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែង គឺFordow, Natanz និង Esfahan ជាហេតុនាំឲ្យមានការរុញច្រានសហរដ្ឋអាមេរិក ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា ដែលកំពុងកើនឡើង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា