សិក្ខាកាម ៣២នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ

(ពោធិ៍សាត់)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញ បិទវគ្គបណ្តុះបណ្តាល ស្តីពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃ ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងបំពាក់កន្សែងជូនយុវជន មកពីអនុវិទ្យាល័យប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។

លោក ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ជាវគ្គទី៤ គឺវគ្គមូលដ្ឋានគ្រឹះ ស្តីពីប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងវគ្គបច្ចេកទេសកសិកម្មទំនើប ក្នុងនោះមានសិក្ខាកាម ៣២នាក់ ផ្តោតទៅលើប្រធានបទសំខាន់ៗរួមមាន បរិយាប័ន្នពិការភាព លើកកម្ពស់សិទ្ធជនពិការ សហគមន៍មានភាពធន់ទៅនឹងអាកាសធាតុ មានសុខភាពល្អ ។

លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹករបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងវិស័យមនុស្សធម៌ ទទួលបានកិត្តិនាមល្បីឈ្មោះទាំងផ្ទៃប្រទេស និងលើឆាកអន្តរជាតិ និងជាមាតាមនុស្សធម៌ ជាក់ស្តែងក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញនេះស្រាប់ ហើយបានឧបត្ថម្ភថវិកាសម្រាប់សាងសង់ផ្ទះចំនួន ៦២៨ខ្នងផ្ទះ ជូនយោធិនពិការ ៦២៨នាក់ ដោយសហការជាមួយរាជរដ្ឋាភិបាល ផ្តល់ដីសម្បទានសម្រាប់សាងសង់លំនៅដ្ឋាន ធ្វើការដាំដុះ និងបានសាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ។

លោកជំទាវអគ្គលេខាធិការ បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះជោគជ័យគួរកត់សំគាល់ និងសូមបន្តបណ្តុះបណ្តាលជូនយុវជន និងអ្នកស្ម័គ្រចិត្តនៅសាខានីមួយៗ តាមផែនការដែលបានគ្រោងទុក ឱ្យបានដូចភ្លៀងរលឹម ដើម្បីបង្កើននិរន្តរភាព កិច្ចគាំពារសង្គម ការលើកកម្ពស់សិទ្ធិជនមានពិការភាព ការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ និងអត្ថប្រយោជន៍ នៃការដាំកូនឈើនៅតាមសាលារៀន តាមសហគមន៍ ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ។

លោកជំទាវ ពុំ ចន្ទីនី និងឯកឧត្តម ហៀម ឃួន បានបំពាក់កន្សែងយុវជនចំនួន ៤០នាក់ និងបានផ្តល់ជូននូវសម្ភារៈសង្គ្រោះបឋម វិទ្យុទាក់ទង អាវកាក់ និងលោកគ្រូ អ្នកគ្រូ ទទួលបាន អង្ករ មី ត្រីខកំប៉ុង និងថវិកា ៥ម៉ឺនរៀល ព្រមទាំងយុវជនទទួលបានថវិកា ២ម៉ឺនរៀល និងដាំដើមឈើដំណាក់កាលដំបូង ចំនួន ១០០ដើម លើផ្ទៃដីរបស់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ទំហំប្រមាណ ៥ហិកតា ផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner