សម្តេចតេជោ៖ បច្ចុប្បន្នកម្ពុជា កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់លាស់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់លាស់ មានការប្ដេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន។ ជាក់ស្ដែង សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ, លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ, សេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព, ជីវភាពប្រជាជនមានស្ថិរភាព, កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។

សម្តេចតេជោបានមានប្រសាសន៍បន្តថា ក្នុងពេលថ្មីៗនេះ កាលពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានប្រព្រឹត្តទៅស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានបង្ហាញអំពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវ លើការអនុវត្តភារកិច្ចរបស់ស្ថាប័ននីតិ-ប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាមួយគ្នានេះ ទំនាក់ទំនងការបរទេស និងកិច្ចសហ-ប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាក៏កាន់តែបានពង្រឹង និងពង្រីកថែមទៀត៕
ដោយ៖ពលជ័យ

ads banner