បក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រារព្ធ ពិធីអបអខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំសមាជិក សមាជិកាជាង ២០០នាក់ ប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី ៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ។

ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឲ្យប្រធានគណបក្សក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ដឹកនាំចាត់ចែងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយក្រុមការងារពាក់ព័ន្ធ និងធ្វើការផ្សព្វផ្សាយខ្លឹមសារដែលបានដាក់ចេញផងដែរ ដើម្បីឲ្យសមាជិក សមាជិកា បានយល់នូវអនុសាសន៍សំខាន់ៗរបស់សម្ដេចប្រធាន ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ការជួបជុំសមាជិក សមាជិកា យ៉ាងហោចណាស់ក៏បានក្នុងមួយឆ្នាំពីរដងដែរ គឺទិវាជ័យជំនះប្រាំពីរមករា និងខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្ស ។ ហើយការជួបជុំគ្នានេះផងដែរ គឺស្នើសុំឲ្យរៀបចំចាត់តាំងបញ្ចូលសមាជិកដែលបានកសាង ដូចជាយុវជនដែលជាគោលដៅមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នឹងបានបញ្ចូលគាត់ជាសមាជិកគណបក្ស រួមទាំងសមាជិក សមាជិកា មកពីគណបក្សដទៃទៀត ឬក៏ប្រជាពលរដ្ឋ ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕
ដោយ ៖ លី ពៅ


