ចម្រឹងបង្អួចនៅប្រាសាទបន្ទាយសំរ៉ែ ដែលទទួលរងបាក់បែកចំនួន២ទីតាំងត្រូវបានជួសជុលឡើងវិញ

(ភ្នំពេញ)៖ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលចម្រឹងបង្អួចចំនួន២ទីតាំង នៅប្រាសាទបន្ទាយសំរ៉ែ ដែលកំពុងប្រឈមនិងហានិភ័យ ឱ្យរឹងមាំឡើងវិញ។ នេះបើតាមការឱ្យដឹងពីសំណាក់អាជ្ញាធរជាតិអប្សរា។

ទាក់ទិនក្នុងរឿងនេះប្រធានក្រុមការងារការដ្ឋានជួសជុលប្រាសាទបន្ទាយសំរ៉ែ លោក ឡុង ណារី បានឱ្យដឹងថា កិច្ចការដំបូង គឺត្រូវស្វែងរកបំណែកចម្រឹងបង្អួចដែលបានបាក់ធ្លាក់លើដី និងសិក្សាប្រមូលទិន្នន័យពីស្ថានភាពខូចខាតរបស់ចម្រឹងបង្អួច ដែលមានស្នាមប្រេះ បាក់ជាកំណាត់ៗរួចហើយ ត្រូវធ្វើការផ្គំសាកល្បងថ្មរបស់ចម្រឹងបង្អួចទាំងនោះ ដើម្បីឈានដល់ជួសជុល។

លោកបាននិយាយថា ចម្រឹងបង្អួចដែលក្រុមការងារធ្វើការជួសជុលនៅទីតាំងទី១ នាខ្លោងទ្វារខាងជើង មានសភាពទ្រុឌទ្រោម និងចុះខ្សោយខ្លាំង ដែលទាមទារការជួសជុលពង្រឹង តភ្ជាប់ថ្មត្រង់កន្លែងបាក់បែក ដើម្បីឱ្យរឹងមាំ និងមានលំនឹងដូចដើមឡើងវិញ។ ចំណែកចម្រឹងបង្អួចនៅទីតាំង២ នាខ្លោងទ្វារខាងលិច ក៏រងការខូចខាតដោយអន្លើៗ ថ្មខ្លះបានធ្លាក់គរនៅលើដី បាក់ជាកំណាត់ៗ តម្រូវឱ្យធ្វើការព្យាបាលឡើងវិញ ដូចជា លាងសម្អាតស្លែកំណកដីលើកន្លែងដែលត្រូវព្យាបាល និងតភ្ជាប់ដោយដាក់ស្នូល ព្រមទាំងបិទកាវភ្ជាប់សាច់ថ្ម បិទបាយអបំពេញស្នាមប្រេះ នៅតាមមុខតំណការពារដើម្បីកុំឱ្យជ្រាបទឹកចូលថ្មជាថ្មីឡើងវិញ។

គួរបញ្ជាក់ថា ចម្រឹងបង្អួចទាំងពីរកន្លែងដែលរងការខូចខាត ដោយ សារតែអាយុកាលរាប់រយឆ្នាំ ព្រមទាំងរងកម្តៅថ្ងៃ សំណើមទឹកភ្លៀង និងទឹកជ្រាបចូល ដែលធ្វើឱ្យចម្រឹងបង្អួច និងរចនាសម្ពន្ធផ្សេងៗទៀត នៅខ្លោងទ្វារប្រាសាទបន្ទាយសំរ៉ែ រងការខូចខាតយ៉ាងខ្លាំង ដូចជា មានការប្រេះស្រាំ ពុកផុយ និងរបេះថ្មជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner