ដ្រូនអ៊ីស្រាអែលវាយប្រហារលើលីបង់ ស្លាប់មនុស្ស៣នាក់
បរទេស ៖ អ៊ីស្រាអែលបានបញ្ជា Drone ឬ យន្តហោះគ្មានមនុស្សបើក វាយប្រហារ លើតំបន់ភាគខាងត្បូង ប្រទេសលីបង់ បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ កាលពីថ្ងៃសៅរ៍ នេះបើតាមក្រសួងសុខាភិបាលលីបង់។ ជាការវាយប្រហារ បើទោះបីជាមានបទឈប់បាញ់គ្នា នៅទីនោះ ក៏ដោយ។
យ៉ាងណាមិញ យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនេះ «បានកម្ចាត់ភេរវករ Hassan Muhammad Hammoudi ដែលខ្លួនបាននិយាយថា ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារ ដោយកាំជ្រួចប្រឆាំងរថក្រោះ លើទឹកដីអ៊ីស្រាអែល ក្នុងអំឡុងសង្គ្រាម នាពេលថ្មីៗនេះ។
ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ការវាយប្រហារ របស់ «សត្រូវអ៊ីស្រាអែល» លើរថយន្តមួយគ្រឿង នៅក្នុងទីក្រុង Kunin ភាគខាងត្បូង ប្រទេសលីបង់ បានសម្លាប់មនុស្សម្នាក់ និងម្នាក់ទៀត រងរបួស។ នៅក្នុងសេចក្តីថ្លែងការណ៍ ទីពីរ ក្រោយមក ក្រសួង ថា មានការវាយប្រហារ លើម៉ូតូ នៅតំបន់ Mahrouna បណ្តាលឱ្យ មនុស្សពីរនាក់ ស្លាប់។
យ៉ាងណាមិញ ក្រុម ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងកំពុងស្ថិតក្នុងប្រទេសលីបង់ បានស្នើឱ្យមានការអត់ធ្មត់ សម្រាប់ “ការឈ្លានពាន ដែលកំពុងបន្ត”។ ការវាយប្រហារនេះ បានកើតឡើង មួយថ្ងៃ បន្ទាប់ពីលីបង់ បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការវាយប្រហារ ដែលបានសម្លាប់ស្ត្រីម្នាក់ និងរបួសមនុស្ស ២៥ នាក់ ផ្សេងទៀត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត