គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ៥៧៧រូប បន្ថែម
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីប្រកាសសាខាគណ បក្ស ភ.ព៨, ភ.ព២៣, ភ.ព២៤, ភ.ព២៥ និងបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាចំនួន ៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ការប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំង ៥៧៧រូបនេះធ្វើឡើង ដោយយោងទៅតាមការស្នើសុំរបស់សាខាគណបក្សរាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេង លើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយណាស់ចំពោះអនាគតប្រជាពលរដ្ឋ ។ សូមឱ្យបងប្អូនទាំងអស់រួមគ្នាជាធ្នុងមួយ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត។
ឯកឧត្តម ឃួង ស្រេង លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិចេញពីចំណុចសូន្យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ក្នុងពេលប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជានិងថៃ ទើបយើងបានដឹងនិងឃើញច្បាស់ពីអ្នកស្នេហាជាតិពិតប្រាកដ នោះគឹសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី កម្ពុជា ការពារព្រំដែនជាមួយការឈ្លានពានពីទាហានថៃ និង ការពារគ្រប់ព្រំដែនជិតខាងទាំងអស់ ដោយមិនឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។
ឯកឧត្តម ឃួង ស្រេង សូមឱ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត ១សន្លឹករបស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ















