ក្រុមការងាររៀបចំការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ពាន់រង្វាន់សិស្សវិទ្យាល័យឆ្នាំ២០១៩ បានចុះត្រួតពិនិត្យ៣ទីតាំង ដើម្បីរៀបចំការប្រកួតអោយមានស្តង់ដាតាមបច្ចេកទេស
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងាររៀបចំការប្រកួត បាល់ទាត់ជ្រើសរើសជើងឯក ពាន់រង្វាន់សិស្សវិទ្យាល័យដែលដឹកនាំដោយលោក ងួន សុភៈ បានចុះត្រួតពិនិត្យ៣ទីតាំងរួមមាន ទីលានតារាងបាលទាត់ ,វិទ្យាល័យ បឹងត្របែក វិទ្យាល័យច្បាអំពៅ និងទីលានបាល់ទាត់ បឹងកេត ដើម្បីត្រៀមបើកការប្រកួតអោយស្របតាមបទដ្ឋាន បច្ចេកទេសនៃការប្រកួត ។
នៅក្នុងឱកាសកំពុងពិនិត្យមើលទីតាំងនោះ លោក ងួន សុភៈ ប្រធានរៀបចំការប្រកួតពានរង្វាន់សិស្សវិទ្យាល័យ ឆ្នាំនេះបានមានប្រសាសន៍អោយដឹងថា ការប្រកួតនេះរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្លឹបបាល់ទាត់ បឹងកេត និងអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ហើយការចុះមកពិនិត្យទីតាំងថ្ងៃនេះ សម្រាប់ត្រៀមរៀបចំបើកការប្រកួត អោយមានលក្ខណៈស្តង់ដាទៅតាមក្បួនខ្នាត ព្រោះការប្រកួតនេះ រៀបចំរូបមន្តជាលីគ ប្រកួតវិលជុំសន្សំពិន្ទុ ។ លោក ងួន សុភៈ បញ្ជាក់ថា ចំពោះការរៀបចំអោយការប្រកួតបាល់ទាត់ជ្រើសរើសជើងឯក ពាន់រង្វាន់សិស្សវិទ្យាល័យ នេះឡើងក្នុងគោល ដើម្បីបំផុសវិស័យកីឡា ជាពិសេសទាក់ទាញ និងផ្តល់ឱកាសដល់យុវជនថ្នាលកម្រិតវិទ្យាល័យ ដែលស្រលាញ់ នឹងចូលចិត្តលេងកីឡាបាល់ទាត់ បានបញ្ចេញសមត្ថភាព ។ ប្រធានរៀបចំការប្រកួតរូបនេះ បានបន្ថែមថា ចំពោះកីឡាករដែលមានឈ្មោះ ហាត់ក្នុងក្របខ័ណ្ឌប្រកួត គឺមិនអនុញ្ញាតអោយចូលរួមទេ ព្រោះការប្រកួតនេះបើកទូលាយសម្រាប់តែសិស្សវិទ្យាល័យ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ សិស្សវិទ្យាល័យឆ្នាំនេះ នឹងបើកការប្រកួតនៅថ្ងៃទី៦ មិថុនា ឆ្នាំ២០១៩ ខាងមុខ ។