ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សូមបន្តបម្រើប្រជាពលរដ្ឋដោយការយកចិត្តទុកដាក់ខ្ពស់ រក្សាបាននូវវប្បធម៌នៃការផ្តល់សេវាមួយដែលប្រកបដោយប្រសិទ្ធភាព គុណភាព ហើយផ្តល់ជំនឿជូនទៅដល់ប្រជាពលរដ្ឋ ,

ជាមួយនេះ ឯកឧត្តម បានថ្លែងសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានរួមសហការគ្នាក្នុងទិសដៅរួមតែមួយប្រកបទៅដោយការទទួលខុសត្រូវខ្ពស់ដើម្បីបម្រើប្រជាពលរដ្ឋឲ្យបានល្អ,

ការថ្លែងសរសើរនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាសាលមហោស្រពខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមទាំងប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋាន ក្រុង ស្រុក សរុបប្រមាណជាង ៤០០នាក់។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងអោយរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិត និងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែមានការរីកចម្រើន។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានថ្លែងកោត សរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៧ នៃខេត្តក្រចេះ ដែលរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញរាល់កិច្ចការងារប្រៀបបានទៅនិងយុទ្ធសាស្រ្តខ្យងបណ្តាក់គ្នា មានន័យថាក្រុមការងារបានធ្វើជាប្រចាំ ដើម្បីក្តាប់បញ្ហា និងដោះស្រាយបញ្ហាជូនដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។
ជាថ្មីម្តងទៀត ឯកឧត្តម ប្រធានក្រុមការងារបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធាន អនុប្រធាន សមាជិកទាំងនៃក្រុមការងាររារដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានលះបង់ពេលវេលា កំលាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមក្នុងសកម្មភាពការងារចុះមូលដ្ឋាន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានដាក់ចុះ គឺការផ្សារភ្ជាប់រវាងអ្នកបម្រើរាស្រ្ត និងរាស្រ្ត ។
លទ្ធផលល្អដែលសម្រេចបានក្នុងរយៈពេលកន្លងមកនេះបានបង្ហាញពីការប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ហើយក៏បង្ហាញពីការបន្តផ្តល់នូវសេវាសាធារណៈល្អ ដោយបានក្តាប់ជាប់នូវអ្វីដែលជាសេវាសំណូមពរ និងសេវាតម្រូវការ ។ លទ្ធផលការងារដ៏ល្អនេះបានបង្ហាញឲ្យឃើញនូវស្មារតីរឹងមាំរបស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាពលរដ្ឋ នោះគឺការធានាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍដែលជាកត្តាសំខាន់ចាំបាច់បំផុតដែលយើងទាំងអស់គ្នាត្រូវការ។ ដូច្នេះហើយក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក្រុង ស្រុក ចាំបាច់ណាស់ត្រូវមានវិធានការគ្រប់បែបយ៉ាងទាំងអស់ដើម្បីធានាអោយបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ។
ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់ពីទិសដៅសំខាន់ៗរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺបន្តបេសកកម្មរួមមួយដោយត្រូវអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។ ក្រុមការងារថ្នាក់ជាតិ គឺជាចំណងភ្ជាប់រវាងរដ្ឋាភិបាលថ្នាក់ជាតិជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដោយជួយតម្រង់ទិស គាំទ្រ និងជួយជំរុញការលើកកម្ពស់សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

បន្ទាប់ពីស្តាប់របាយការណ៍លើកឡើងដោយលោក ដួង ពៅ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អំពីលទ្ធផលនៃការចុះធ្វើសកម្មភាពការងារ និងជួបបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង ៧ក្រុង ស្រុករួចមក ឯកឧត្រម វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ដែលបានប្រឹងប្រែងរួមសហការសាមគ្គីក្នុងការបំពេញកិច្ចការងារ កន្លងមកបានយ៉ាងល្អ។ ទិសដៅការងារបន្តដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងពង្រីកភាពខ្លាំងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ នៅគ្រប់តំបន់មូលដ្ឋានក្នុងខេត្តបានកាន់តែល្អប្រសើរទ្វេរឡងទៀត៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner