គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
(តូក្យូ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយក្រុមការងារ ESEA បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្សប្រចាំប្រទេសជប៉ុននាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការអញ្ជើញចូលរួមពីប្រធានសាខា អនុប្រធានសាខា សកម្មជន ជនបង្គោល សមាជិក-សមាជិកាសរុបប្រមាណ ១៦០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី បានប្រកាសគាំទ្រទាំងស្រុងលេីខ្លឹមសារសន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥។

ឯកឧត្តម ទុយ រី ក៏បានលើកឡើងពីសមិទ្ធិផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សប្រជាជនសម្រេចបានកន្លងមកដូចជាសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ គាំទ្រយ៉ាងពេញទំហឹងនូវជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្របតាមអនុស្សរណៈ នៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ២០០០។

ឯកឧត្តម ទុយ រី ក៏បានអំពាវនាវដល់សមាជិក-សមាជិកាបក្សនៅក្នុងប្រទេសជប៉ុនបន្តពង្រឹងពង្រីកការកសាងកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែច្រេីនជាលំដាប់នៅតាមខេត្ត-ក្រុងក្នុងប្រទេសជប៉ុនក្រោមទិសស្លោក “រក្សាចាស់-បង្កេីនថ្មី”។ រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់ និងផ្តល់ការគាំទ្រដល់កម្លាំងប្រដាប់អាវុធ ដេីម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំឡេីង។

ក្រោយចប់ពិធីខាងលើក៏មានកម្មវិធីពិសាអាហារសាមគ្គីរវាងប្រធានសាខា អនុប្រធានសាខា សកម្មជន ជនបង្គោល និងសមាជិក-សមាជិកាចូលរួមប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ៕
ដោយ / គ្រី សម្បត្តិ

