អ៊ីស្រាអែលលើកផ្ទាំងប៉ាណូអបអរលោក Trump ទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់
MC. បរទេស ៖ នៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល មានការតំឡើងផ្ទាំងប៉ាណូថ្មី ដ៏ធំមួយ អបអរនឹងការសម្រេចចិត្តរបស់លោក Trump ក្នុងការទម្លាក់គ្រាប់បែក វាយប្រហារ លើប្រទេសអ៊ីរ៉ង់។
ផ្ទាំងប៉ាណូ ដែលដាក់ចំណងជើងថា «អ្នករក្សាសន្យា» នៅក្នុងទីក្រុង Tel Aviv មានរំលេចរូបថតលោក ប្រធានាធិបតីអាមេរិក Donald Trump ជាមួយនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benyamin Netanyahu និង មេដឹកនាំអារ៉ាប់ មួយចំនួន ដែលជាផ្នែកមួយនៃយុទ្ធនាការ ពង្រីកកិច្ចព្រមព្រៀង Abraham។ កិច្ចព្រមព្រៀង ដែលគាំទ្រដោយសហរដ្ឋអាមេរិក មួយនេះ ត្រូវបានបង្កើតឡើង ដោយអ៊ីស្រាអែល ក្នុងឆ្នាំ ២០២០ ដើម្បីធ្វើឱ្យមានទំនាក់ទំនងធម្មតា ជាមួយ អេមីរ៉ាត់ អារ៉ាប់រួម, បារ៉ែន និង ប្រទេស ម៉ារ៉ុក។
គួរបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែក កម្ទេចរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ កាលពីថ្ងៃទី២២ ខែមិថុនា នៅក្រោយប៉ុន្មានថ្ងៃ ដែលអ៊ីស្រាអែល ផ្តើមវាយប្រហារអ៊ីរ៉ង់ ដើម្បីរារាំងការផលិតអាវុធបរិមាណូ របស់អ៊ីរ៉ង់ ប៉ុន្តែ អ៊ីរ៉ង់បានសងសឹកវិញ វាយប្រហារលើអ៊ីស្រាអែល និង មូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា ផងដែរ។
ក្រោយមក ក៏មានបទឈប់បាញ់ នៅថ្ងៃទី២៤ ខែមិថុនា ដែលសម្របសម្រួលដោយ លោក Trump។ ប៉ុន្តែ ទាំង អ៊ីស្រាអែល និងអ៊ីរ៉ង់ សុទ្ធតែបានអះអាងពីជ័យជម្នះ ក្នុងសង្គ្រាមរយៈពេល ១២ថ្ងៃ កន្លង មកនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត