សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឆ្លើយតបទៅនឹងសំណើរបស់ភាគីថៃឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ មួយចំនួនឡើងវិញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងបណ្តាញសង្គម នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការស្នើសុំនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរកម្ពុជាជាថ្មីម្តងទៀតដូចខាងក្រោម៖
ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា៖
១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃ ដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។
២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគីចាប់តាំងពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃ បានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។
៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។
៤. ខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី៧ មិថុនាកន្លងទៅនេះ បើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។ និយាយឱ្យខ្លី គឺកូនសោរគឺស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ។
ហេតុដូច្នេះ ចំពោះអាជ្ញាធរថៃ ក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់ឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ មិនចាំបាច់ស្នើមកកម្ពុជានោះទេ។ សូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ (មិនថាជាកងទ័ពឬអ្នកណានោះទេ) ឱ្យបើកច្រកព្រំដែនឱ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី៧មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ៕


