ទឹកធ្លាក់ថ្មក្រាលតំបន់ទេសចរណ៍សក្តានុពលធម្មជាតិ សម្បូរបន្លែធម្មជាតិ និងសហគមន៍រួមគ្នាអភិរក្សធនធានធម្មជាតិ
(កំពង់ឆ្នាំង)៖ ទឹកធ្លាក់ថ្មក្រាលដែលប្រកបដោយសក្តានុពល ហើយស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានមួយនេះបានកំពុងទាក់ទាញភ្ញៀវទេសចរ ទីជិតឆ្ងាយ ក្នុងនោះរួមមានទាំងអ្នកទេសចរបរទេសផង តែងនាំគ្នាសម្រុកចូលកម្សាន្តស្ទើររៀងរាល់ថ្ងៃ ។

តាមរយៈភ្ញៀវដែលចូលកម្សាន្តនៅក្នុងតំបន់ការពារធម្មជាតិនេះធ្វើឱ្យប្រជាសហគមន៍ក្នុងភូមិសាស្រ្តទឹកដី ខេតកំពង់ឆ្នាំង មួយនេះប្រែក្លាយតំបន់ដែលទីឆ្ងាត់ជ្រងំ មកជាតំបន់ទេសចរណ៍ប្រកបដោយសក្តានុពល ហើយអាចទាញនូវប្រាក់ចំណូលទៀងទាត់ជារៀងរាល់ថ្ងៃ ។

សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ នៅពេលសម្រាកពីការងារ ឬថ្ងៃចុងសប្តាហ៍ ស្រស់ស្រូបអាហារជុំគ្រួសារ ឬជួបជុំមិត្តភក្ត្រ ដែលសម្បូរអាហារធម្មជាតិ ហើយពិសេសចំរដូវខែវស្សាគេអាចទិញបន្លែធម្មជាតិដែលមានរួមទំពាំង ស្លឹកងប់ ដើមប្រស់ស្វា ស្លឹកបាស់ត្រឡប់មកផ្ទះវិញទៀតផង។

លោក អ៊ឺត អូន ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ថ្មក្រាលបានឱ្យដឹងថាសហគមន៍ទឹកធ្លាក់ថ្មក្រាលបានចាប់កកើតនៅឆ្នាំ២០០៦ ដោយគ្រប់គ្រងផ្ទៃដីតំបន់ទេសចរសរុបចំនួនជាង ៥៣០ ហិកតា ក្នុងនោះដីព្រៃឈើជាង ២០០ហិចតា។ បច្ចុប្បន្នសមាជិកសហគមន៍មានចំនួន ៨៤គ្រួសារស្មើនឹង ៣៤៨នាក់ ។

លោកថា ស្ទើរជារៀងរាល់ថ្ងៃ ទឹកធ្លាក់ថ្មក្រាលមានភ្ញៀវទេសចរចូលមកកម្សាន្ត ពិសេសថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទានសំខាន់ៗតែងមានភ្ញៀវក្នុងប្រទេស និងក្រៅប្រទេសបានសម្រុកចូលកម្សាន្តយ៉ាងច្រើនកុះករ។បើគិតជាមធ្យមក្នុងមួយខែៗអ្នកទេសចរចូលកម្សាន្តជាង១ម៉ឺននាក់។ទីនេះមានស្ទឹងសម្រាប់ភ្ញៀវលេងកម្សាន្ត កន្លែងងូតទឹក ទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាត កន្លែងបោះតង់ បន្លែព្រៃ និងម្ហូបអាហារប្រចាំមូលដ្ឋានជាដើម។ក្រៅពីទីកម្សាន្តនៅកន្លែងនេះក៏មានសម្បូរសក្តានុពលសត្វព្រៃនានា ដូចជា ជ្រូកព្រៃ ឈ្លូស ស្វា ក្ងោក ទោច ដង្ហែន ទន្សាយទៀតផង។ទីកន្លែងនេះមានខ្ចុះអង្គុយលេងក្បែរមាត់ទឹកធ្លាក់ចំនួន ៨៤ តូបលក់ដូរ ចំនួន៤៣ បន្ទប់ទឹករួម ៣កន្លែង និងបន្ទប់ទឹកឯកជន ចំនួន៧កន្លែង។

លោកបានប្រាប់ថាកាលពីមុននេះពលរដ្ឋរស់នៅទីកន្លែងនេះមួយចំនួនតែងប្រកបរបរចូលព្រៃកាប់ឈើ បរបាញ់សត្វ តែបច្ចុប្បន្ន ពលរដ្ឋបានផ្លាស់ប្តូរមកប្រកបរបរ បម្រើលើវិស័យទេសចរណ៍ដែលផ្តល់នូវប្រាក់ចំណូលទៀងទាត់ដោយក្នុងនេះគាត់អាចរកចំណូលយ៉ាងហោចណាស់ចាប់ពីជាងមួយម៉ឺនរៀល រហូតដល់ ២០ ទៅ ៣០រៀលទៀតផង។ វាជាប្រាក់ចំណូលទៀងទាត់ ដែលធ្វើឱ្យពួកគាត់សប្បាយចិត្ត ការធ្វើចំណាកស្រុកតិចតួច ការហូបចុកល្អប្រសើរ និង ជីវភាពគាត់ពីមួយថ្ងៃទៅមួយថ្ងៃមានភាពល្អប្រសើរបើធៀបនឹងកាលពីមុននេះឆ្ងាយណាស់។ជាងនេះទៅទៀតពួកគាត់មិនត្រឹមតែងាកមកបណ្តុះកូនឈើទេនៅរួមគ្នាដាំកូនឈើ និងអភិរក្សព្រៃឈើ សត្វព្រៃទៀតផង ។
ក្នុងដំណើរទស្សនកិច្ចគម្រោងនិរន្តរភាពបរិស្ថាន និងអេកូទេសចរណ៍ចំនួន៣ខេត្តពោលគឺ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំងនាថ្មីៗកន្លងមកនេះ មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃអាទិត្យា បានថ្លែងថា៖តាមរយៈការអភិរក្សក្នុងនេះមានទាំងព្រៃឈើ សត្វព្រៃ និងជីវចម្រុះផ្សេងៗទៀតក្រសួងបានសហការជាមួយប្រជាពលរដ្ឋសហគមន៍ដើម្បីគ្រប់គ្រងតំបន់ធនធានធម្មជាតិទាំងនោះ។ពួកគាត់ជារនាំងការពារមួយដើម្បីជួយការពារការរិចរិល និងការបាត់បង់ព្រៃឈើដ៏សំខាន់មួយផងដែរ ។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា”នៅតាមសហគមន៍តំបន់ការពារធម្មជាតិរបស់យើងមានសត្វព្រៃ និងទេសភាពព្រៃឈើដ៏ស្រស់ស្អាតល្អឯក។ទាំងនេះជាការដែលយើងអាចទាញយកលើវិស័យទេសចរណ៍ ដោយបានផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាសហគមន៍ទាំងមូល ក៏អាចទាញយកប្រយោជន៍ពីគោលដៅលម្ហែបៃតង៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក សែម បូរិន
