រាជរដ្ឋាភិបាលដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដី នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

(ភ្នំពេញ)៖ “កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់ សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដី ប្រកបដោយចីរភាព។

ពិធីចាប់ឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីជុំទី១ នៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិរក្សដោយចីរភាព ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានប្រចាំការ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីការអភិវឌ្ឍដោយចីរភាព និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន។

ឯកឧត្តម សរ សុវណ្ណ បានមានប្រសាសន៍ថា ក្នុងការចាប់ឆ្នោតជុំទី១នេះ នឹង ជ្រើសរើសយកអ្នកមានសំណាងចំនួន ២ ៥០០ គ្រួសារ ដោយកំណត់អត្រាចំនួន ២០% តាមរាជធានី ខេត្ត ដូចនេះ ចំនួនសន្លឹកឆ្នោតអ្នកបានដាក់ពាក្យស្នើសុំដីដែលត្រូវចាប់យកតាមរាជធានី ខេត្តនីមួយៗ មានចំនួនខុសៗគ្នា អាស្រ័យ ដោយចំនួនអ្នកបានដាក់ពាក្យស្នើសុំដីតាមរាជធានី ខេត្ត។ ការចាប់ឆ្នោតនេះ ត្រូវធ្វើរហូតដល់គ្រប់ចំនួនកំណត់ខាងលើ ។

ក្រោយពេលចាប់ឆ្នោតនេះរួច ក្រុមការងារចម្រុះចុះត្រួតពិនិត្យបុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មាន សិទ្ធិទទួលដី ។ ក្នុងករណីពេលចុះពិនិត្យឃើញថា មានអ្នក ដាក់ពាក្យស្នើសុំដីមួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីអាចទទួលដីបាន អ្នកដាក់ពាក្យនោះនឹងពុំ ជាប់ឈ្មោះក្នុងកម្មវិធីនេះទេ ហើយក្រុមការងារចម្រុះនឹងជ្រើសរើសជំនួសបំពេញចំនួនកំណត់ឲ្យគ្រប់ចំនួន ៥០០ គ្រួសារ តាមលំដាប់លេខរៀងបន្តបន្ទាប់តាមលទ្ធផលនៃការចាប់ឆ្នោតក្នុង រាជធានី/ខេត្តសាមី។ ដោយឡែកសម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីដែលនៅសល់ចំនួន ៩ ៨២៩គ្រួសារ ដែលពុំទាន់មានសំណាង ជាប់ឈ្មោះក្នុងលទ្ធផលនៃការចាប់ឆ្នោតជុំទី១នឹងត្រូវចាប់ឆ្នោតនៅជុំបន្តបន្ទាប់ទៀត ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner