សង្គ្រាម៖ ជនភៀសស៊ូដង់រាប់លាននាក់ស្រេកឃ្លានកាន់តែខ្លាំង
បរទេស៖ អង្គការសហប្រជាជាតិ ហៅកាត់ UN បានឲ្យដឹងថា ជនភៀសខ្លួនស៊ូដង់ រាប់លាននាក់ ប្រឈមមុខនឹងការស្រេកឃ្លាន កាន់តែខ្លាំង ខណៈដែលមូលនិធិ កំពុងរីងស្ងួត សម្រាប់ប្រទេសអាហ្វ្រិក មួយនេះ។

កម្មវិធីស្បៀងអាហារពិភពលោក ឬ WFP របស់អង្គការសហប្រជាជាតិ បានព្រមាន កាលពីថ្ងៃចន្ទថា មនុស្សរាប់លាននាក់ ដែលផ្លាស់ទីលំនៅ ដោយសារសង្រ្គាម នៅក្នុងប្រទេសស៊ូដង់ ប្រឈមនឹងហានិភ័យ នៃការធ្លាក់ចូលទៅក្នុងវិបត្តិ កាន់តែជ្រៅ ខណៈដែលការផ្តល់មូលនិធិសម្រាប់ជំនួយស្បៀងអាហារ បានធ្លាក់ចុះ។

លោក Shaun Hughes អ្នកសម្របសម្រួលបន្ទាន់ របស់ WFP សម្រាប់វិបត្តិក្នុងតំបន់ស៊ូដង់ បាននិយាយថា «ប្រសិនបើគ្មានការរួមចំណែកបន្ថែមទេ ជំនួយសម្រាប់ជនភៀសខ្លួនស៊ូដង់ នឹងឈប់ទាំងស្រុង ក្នុងប៉ុន្មានខែ ខាងមុខនេះ» ។

ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក សង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធាបានបង្កើត វិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុត របស់ពិភពលោក ដោយមនុស្សជាង ១០ លាននាក់ បានផ្លាស់ទីលំនៅ ក្នុងប្រទេស។ មនុស្ស ៤លាននាក់ផ្សេងទៀត បានភៀសខ្លួនឆ្លងកាត់ព្រំដែន ទៅប្រទេសឆាដ អេហ្ស៊ីប និង ស៊ូដង់ខាងត្បូង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

