ពលករខ្មែរត្រឡប់ពីប្រទេសថៃ ត្រូវបានកម្លាំងចម្រុះនៅច្រកអន្តរជាតិប៉ោយប៉ែតជួយដឹកជញ្ជូនទៅមណ្ឌលសំចត
បន្ទាយមានជ័យ៖ចាប់តាំងពីមានភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកាន់មាតុភូមិវិញជាបន្តបន្ទាប់។ទន្ទឹមនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការទទួល និងជួយស្វែងរកការងារឱ្យធ្វើនៅក្នុងប្រទេសជំនួសការធ្វើចំណាកស្រុក។តាមរយៈកម្លាំងចម្រុះប្រចាំការ២៤ម៉ោងនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពលករដែលធ្វើមាតុភូមិនិវត្តន៍ ត្រូវបានជួយសម្រួលក្នុងការដឹកជញ្ជូនដោយឥតគិតថ្លៃ ទៅកាន់មណ្ឌលសំចត របស់ខេត្តដោយរួមជាមួយការឧបត្ថម្ភអាហារ និងជួយស្វែងរកការងារឱ្យធ្វើផងដែរ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ថា ក្រុមការងារមន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានយកចិត្តទុកដាក់ជួយសម្រួលលើការងារឯកសារជូនដល់ពលករបានឆាប់រហ័សទាន់ចិត្ត។ក្រុមការងារក៏បានជួយសម្របសម្រួលក្នុងការដឹកជញ្ជូនបន្តទៅកាន់ទីតាំងមណ្ឌលសំចតដោយមិនចាំបាច់បង់ប្រាក់ដើម្បីរួមចំណែកក្នុងការកាត់បន្ថយចំណាយ។

ទន្ទឹមនេះក្រុមការងារចម្រុះដែលមានក្រសួងការងារ និងបន្ដុះបណ្ដាលវិជ្ជាជីវៈរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន ក៏មានការផ្តល់អាហារសម្រន់ក្នុងពេលរង់ចាំនៅមណ្ឌលសំចតនិងជួយស្វែងការងារលើជំនាញជាច្រើនជូនដល់ពលករដែលដែលពេញចិត្តផងដែរ។

សូមជម្រាបថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ភាគីថៃបានបើកច្រកទ្វារនៅម៉ោង៨ព្រឹក,ខណៈកម្ពុជាបើកនៅម៉ោង៩ និងបិទនៅម៉ោង៤ល្ងាច។ការចេញ-ចូល អនុញ្ញាតឱ្យតែសិស្ស ពលករនិង អ្នកជំងឺតែប៉ុណ្ណោះ៕
ដោយ៖ឃិន គន្ធា

