សហរដ្ឋអាមេរិក និង កម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលលើការលើកកម្ពស់សុខភាព ប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគី នៃសហរដ្ឋអាមេរិក ដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិក (NIH) ដែល ភ្នាក់ងារទាំងនេះ បានសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ នៅកម្ពុជា នាពេលកន្លងមក ។
នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ខណៈអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាមរយៈ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការប្រឹងប្រែងរបស់ភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាដែលបានបារម្ភចំពោះផលប៉ះពាល់នៃការកែប្រែលក្ខខណ្ឌនៃការផ្តល់ជំនួយរបស់រដ្ឋបាលថ្មី និងបានបញ្ជាក់ពីការខិតខំអស់ពីកំលាំងកាយចិត្តធ្វើការពន្យល់ដល់រដ្ឋាភិបាលអាមេរិករហូតដល់អាចរក្សាបានគម្រោងមួយចំនួនដែលមានភាពចាំបាច់សម្រាប់ប្រជាជនកម្ពុជាដែលងាយរងគ្រោះពិសេសទាក់ទងនឹង ការងារកាត់បន្ថយជំងឺរបេង លុបបំបាត់ជំងឺគ្រុនចាញ់និង លុបការឆ្លងរបស់ជំងឺអេដស៍ ។
លោកស្រី Bridgette L. Walker បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិកនិងបានជម្រាបជូនដល់ក្រសួងសុខាភិបាល ពីការកែរសម្រួលថ្មីៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានកាត់បន្ថយ និងតម្រង់ទិសឡើងវិញការផ្តល់ជំនួយមួយភាគធំរបស់ភ្នាក់ងារ USAID។
នៅក្នុងស្ថានភាពនេះ ការតាំងចិត្តរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងការបន្តរកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល និងមានក្តីសង្ឍឹមថា ការប្រែប្រួលនៃការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកនេះ នឹងជំនួសមកវិញនូវទម្រង់ នៃការផ្តល់ជំនួយមួយដែលកាន់តែមានប្រសិទ្ធិភាព ។
ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា បានសង្កត់ធ្ងន់ពីការតាំងចិត្តរបស់ក្រសួងសុខាភិបាល ក្នុងរាប់រងការងារឆ្លើយតបនឹងជំងឺឆ្លងដោយខ្លួនឯង និងការតាំងចិត្តទទួលខុសត្រូវក្នុងការចូលរួមជាមួយសកលលោកដើម្បី កាត់ផ្តាច់សង្វាក់នៃការឆ្លងនៃជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ ជំងឺរបេង និង ជំងឺអេដស៍ដែលកម្ពុជាបាននឹងកំពុងសម្រេចបានសមិទ្ធិផលជាទីពេញចិត្ត។ ទន្ទឹមនឹងការតាំងចិត្តនិងការទទួលខុសត្រូវ វិស័យសុខាភិបាល ក៍នៅតែស្វាគមន៍ជំនួយបន្ថែមពីដៃគូរពាក់ពន្ធ័ទាំងបច្ចេកទេសនិងថវិការដើម្បីជំរុញលទ្ធភាព របស់ប្រពន្ធ័សុខាភិបាលបានកើនឡើងមួយកំរិតទៀត ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ








