នាយករដ្ឋមន្រ្តីសិង្ហបុរី និងលោកជំទាវ អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ច ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ

 
(ភ្នំពេញ)៖ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃប្រទេសសិង្ហបុរី និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១ថ្ងៃ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួប ៦០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគី ។

ក្នុងឱកាសអញ្ជើញដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៨៖៤០នាទីព្រឹកនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, ឯកឧត្តម អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹងទំនាក់ ទំនង និងសហប្រតិបត្តិការនៃប្រទេសសមាជិកអាស៊ាន ទាំងពីរ ។

ក្នុងដំណើរទស្សនកិច្ចឯកឧត្តម ឡរ៉េន វ៉ុង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Lawrence Wong មានព្រះរាជសាវនាការជាមួយព្តះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង និងបន្តមានជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ ។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីសិង្ហបុរី មានជំនួបទ្វេភាគី ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និងសិង្ហបុរី ។

សូមជម្រាបថា កម្ពុជា និងសិង្ហបុរី បានបង្កើតទំនាក់ទំនង ការទូតលើកដំបូងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៦៥ ក្រោម ការដឹកនាំរបស់សម្តេចព្រះបរមកោដ នរោត្តម សីហនុ ពោល គឺ ១ថ្ងៃបន្ទាប់ពីដែនដីកោះនេះបានប្រកាសឯករាជ្យរបស់ខ្លួន ហើយកម្ពុជា គឺជាក្រុមប្រទេសដំបូងគេដែលទទួលស្គាល់ សិង្ហបុរី ជារដ្ឋអធិបតេយ្យផ្លូវការ ។

គួរឱ្យដឹងថា ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ។

ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) មិនត្រឹមតែជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃប្រទេសសង្ហបុរីនោះទេ បច្ចុប្បន្ននេះលោកក៏ជាសមាជិកសភា, ជាអគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន និងជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រវិនិយោគ នៃសាជីវកម្មវិនិយោគ (GIC) របស់រដ្ឋាភិបាលសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាល GIC ផងដែរ ។

បទពិសោធន៍ការងារ ៖ នៅថ្ងៃទី២៣ ឧសភា ២០២៥ ឯកឧត្តម ឡរ៉េន វ៉ុង ស្បថចូលកាន់តំណែងនាយករដ្ឋមន្តី – ថ្ងៃទី០៣ ឧសភា ២០២៥៖ ដឹកនាំគណបក្សសកម្មភាពប្រជាជន ចូលរួមការបោះឆ្នោតសាកល ឆ្នាំ២០២៥ – ថ្ងៃទី១៥ ឧសភា ២០២៤ ត្រូវបានតែងតាំងជានាយករដ្ឋមន្តី – ខែមិថុនា ២០២២-ខែឧសភា ២០២៖ ឧបនាយករដ្ឋមន្តី – ខែកក្កដា ២០២០-ខែឧសភា ២០២១៖ រដ្ឋមន្ត្រីក្រសួងអប់រំ – ខែសីហា ២០១៦-ខែឧសភា ២០២១៖ រដ្ឋមន្ត្រីទី២ នៃក្រសួងហិរញ្ញវត្ថុ – ខែតុលា ២០១៥-ខែកក្កដា ២០២០៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ – ខែឧសភា ២០១៤-ខែកញ្ញា ២០១៥៖ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និង រដ្ឋមន្ត្រីទីពីរក្រសួងទំនាក់ទំនង និងព័ត៌មាន – ខែវិច្ឆិកា ២០១២-ខែមេសា ២០១៤៖ រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និង Senior Minister of State ក្រសួងទំនាក់ទំនង និងព័ត៌មាន – ខែសីហា ២០១២-ខែតុលា ២០១២៖ Senior Minister of State ក្រសួងព័ត៌មាន ទំនាក់ទំនង និងសិល្បៈ និង Senior Minister of State ក្រសួងអប់រំ – ខែឧសភា ២០១១-ខែកក្កដា ២០១២៖ Minister of State ក្រសួងការពារជាតិ និង Minister of State ក្រសួងអប់រំ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner