បើកវគ្គបណ្តុះបណ្តាលលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងទីផ្សារឌីជីថល​សម្រាប់​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ

កំពង់ធំ៖មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បាន​បើកវគ្គបណ្តុះបណ្តាលអំពី​អក្ខរកម្ម​ហិរញ្ញវត្ថុ និងជំរុញការលក់តាម​ទីផ្សារ​ឌីជីថល​សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅសណ្ឋាគារកំពង់ធំ រ៉ូយ៉ាល់កាលពី​​ព្រឹក​ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥។

វគ្គនេះមានគោលបំណងបង្កើនការយល់ដឹង និងសមត្ថភាពរបស់អ្នកចូលរួម​ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីជួយ​ពង្រឹងសមត្ថភាពរបស់អាជីវកម្ម​ឯករាជ្យ​ក្នុងសហគមន៍។

នេះជាលទ្ធផលគឺជាកិច្ចសហការរវាងមន្ទីរ S&T ក្រុមហ៊ុន Grow4Growth (G4G) និងមូលនិធិអភិវឌ្ឍន៍ (SDF)ដោយ​មានសិក្ខាកាមជាង ១០០នាក់ចូលរួម ក្នុងនេះជា​ថ្នាក់ដឹកនាំមន្ទីរចំនួនប្រាំ មន្រ្តីរដ្ឋបាលស្រុកស្ទោង ។

លោកស្រី គីម តុលតាន់ ស្ថាបនិក G4G បាននិយាយថា អាជីវកម្មក្រៅប្រព័ន្ធ​ភាគ​ច្រើន​នៅកម្ពុជា មិនទាន់បានចុះ​បញ្ជីជាមួយអាជ្ញាធរដែលពាក់ព័ន្ធ។ ដូច្នេះអាជីវកម្ម​ទាំងនោះតែងតែប្រឈមនឹងការខ្វះការការពារផ្លូវច្បាប់ ការចូលរួម​ក្នុងប្រព័ន្ធសង្គម​សន្តិសុខ និងមិនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។ដូច្នេះ ការផ្តល់ចំណេះដឹង និងជំនាញជាក់​លាក់​គឺជាផ្នែកសំខាន់ក្នុងការជំរុញឱ្យពួកគេប្តូរទិសដៅទៅ​រកភាព​ច្បាស់លាស់និងរឹងមាំក្នុងអាជីវកម្ម។

លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្មខេត្តកំពង់ធំ បានបញ្ជាក់ថា មន្ទីរ​តែង​តែ​សហការជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជំរុញឱ្យ​អាជីវកម្មដើរតាមផ្លូវច្បាប់លោកបន្តថា កន្លងមក មន្ទីរបានធ្វើការ​សិក្សាបញ្ហាប្រឈម ផ្សព្វផ្សាយ ចងក្រងស្ថិតិ និងចែករំលែកព័ត៌មានពាក់ព័ន្ធ ដោយសហការជា​ទៀងទាត់​ជាមួយក្រសួង អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត។

ចំណែកលោក គី សុខគីម នាយកប្រតិបត្តិ SDF បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល​នេះ​ជាផ្នែកមួយនៃការអនុវត្ត​យុទ្ធសាស្ត្រជាតិ ២០២៣–២០២៨ ស្តីពីសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ។លោកបន្ថែមថា តាមរយៈវគ្គនេះ នឹងជំរុញឱ្យ​អាជីវកម្ម​ឯករាជ្យនៅមូលដ្ឋាន​អាចសម្រេចបាននូវការរីកចម្រើនដ៏ចីរភាព និងរួមចំណែកក្នុងសេដ្ឋកិច្ច​ជាតិបាន​យ៉ាងសកម្ម៕
ដោយ៖ប៊ុន រដ្ឋា

ads banner