បើករថយន្តបំបុកគេស្លាប់ រត់ទៅសម្ងំនៅផ្ទះមួយរយៈ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ខ្លួនបានមកវិញ
វេលាម៉ោង០៣និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅ មានករណីជិះរថយន្តបំបុកមនុស្ស បង្កដោយជនសង្ស័យមួយក្រុម បើករថយន្តម៉ាកហាយឡែនឌ័រ០២គ្រឿង (មួយគ្រឿងពណ៌ទឹកប្រាក់ និងមួយគ្រឿងទៀតពណ៌ទឹកមាស) បានបើកបំបុកជនរងគ្រោះ០២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅចំណុចស្ពានដែក ផ្លូវចម្ការដូង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ បង្កឲ្យមហាជនមានការភ្ញាក់ផ្អើល និងសម្តែងការអាណិតអាសូរជនរងគ្រោះ និងថ្កោលទោសធ្ងន់ចំពោះជនសង្ស័យ។ ស្រាប់តែស្ងាត់ៗ រយៈពេល២សប្តាហ៍ក្រោយថ្ងៃកើតហេតុ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលជាជនដៃដល់ ត្រូវបាននាំខ្លួនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់ទៅហើយ កាលរសៀលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។
បានឮដំណឹងមួយនេះ ធ្វើឲ្យប្រជាពលរដ្ឋ សម្តែងការសាទរយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាវុធហត្ថរាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់ ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ បន្សល់ទុកតែជនរងគ្រោះ០២នាក់ (ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់) នៅនឹងកន្លែង។
បន្ទាប់មកសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ បានបើកការស៊ើបអង្កេត ជាបន្ទាន់។ ក្នុងនោះដែរ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវប្រមូលភ័ស្តុតាង និងស្វែងរកអត្តសញ្ញាណជនសង្ស័យយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល០២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ អាវុធហត្ថរាជធានីភ្នំពេញ បានកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានដល់ ធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ រិន សេងរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើត និងអាសយដ្ឋានបច្ចុប្បន្នរស់នៅ ភូមិខ្នាយកូវ ឃុំត្នោត ស្រុកកញ្ច្រៀវ ខេត្តព្រៃវែង។
ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុ រូបខ្លួននឹងមិត្តភក្តិ០៧នាក់ផ្សេងទៀត បាននាំគ្នាផឹកស្រាបៀរអស់០២កេស នៅផ្ទះរបស់ឈ្មោះ ថៃ រិទ្ធី រហូតដល់ម៉ោង០០និង១០យប់ ក៏នាំគ្នាទៅច្រៀងខារាអូខេ នៅឌីយ៉ាម៉ង ម្តុំស្ពានដែក ផ្លូវចម្ការដូង បន្តទៀត។ លុះដល់ម៉ោង០២និង៣០យប់ ពួកគេក៏បានចេញពីច្រៀងវិញឡើងជិះរថយន្តរៀងៗខ្លួន ស្រាប់តែពេលនោះ មានបុរសម្នាក់ឈរនៅចិញ្ចើមផ្លូវ “បាននិយាយថា ពួកអ្ហែងស្អីគេ មានឡានប៉ុណ្ណឹងឲ្យគេបើកទ្វារឲ្យ! អស្ចារ្យម្ល៉េះ?” ឮដូច្នេះខ្លួន ក៏បានចុះពីរថយន្ត ទៅតវ៉ាជាមួយបុរសនោះ ហើយបុរសនោះក៏និយាយបន្តថា “ពួកអ្ហែងអស្ចារ្យអី? អាចុយម្រាយ!” ទន្ទឹមគ្នានោះ មិត្តភក្តិរបស់ខ្លួនឈ្មោះ រិន បូរ៉ា ក៏បានស្ទុះទៅវាយបុរសនោះតែម្តង ហើយសន្តិសុខនៅទីនោះក៏បានចូលមកឃាត់ រីឯបុរសនោះក៏រត់គេចខ្លួនបាត់។
ស្រាប់តែក្រោយមកបុរសនោះ ក៏បានត្រឡប់មកវិញដោយមានបក្ខពួក០២នាក់ កាន់សុទ្ធតែដាវ និងដែកថ្នាំងអំពៅ មកជាមួយផងដែរ ដោយដើរសំដៅមករកពួកខ្លួន ហើយខ្លួនក៏បើកឡានចេញ ស្រាប់តែបុរសនោះនិងបក្ខពួកធ្វើសកម្មភាពដេញកាប់ មិត្តភក្តិខ្លួន ទើបខ្លួនបើករថយន្តបំបុកក្រុមបុរសនោះ បណ្តាលឲ្យដួលលើដី ហើយខ្លួនក៏ហៅបក្ខពួកឡើងរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុតែម្តង។ ស្រាប់តែថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ពេលខ្លួនកំពុងពុះអុសនៅផ្ទះឯស្រុកកំណើត ក្នុងខេត្តព្រៃវែង ក៏ស្រាប់តែសមត្ថកិច្ចចុះមកឃាត់ខ្លួនដល់ផ្ទះតែម្តងទៅ៕ធ.ដ