ឆក់ទូរសព្ទបានសម្រេច រត់មិនរួចត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បានម្នាក់ រត់រួចម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទពីស្ត្រីពីរនាក់ម្តាយ និងកូនកំពុងជិះម៉ូតូឌុបគ្នាបានសម្រេចពីខណ្ឌទួលគោក រត់មកដល់ខណ្ឌដូនពេញ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីម៉ោង៩និង១០នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះហេង សេរីវឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់មានជ័យ១ ខណ្ឌមានជ័យ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ សី ហា រត់គេខ្លួនបាត់។

តាមសម្តីបុរសពីរនាក់ជាអ្នកដេញចាប់ជនសង្ស័យបានឲ្យដឹងថា មុនកើតហេតុ រូបគាត់ឃើញស្ត្រីពីរនាក់ម្តាយ និងកូនតូចជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវ២៣០ទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរី០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AT-4978 ជិះមកពីក្រោយរួចបានធ្វើសកម្មភាពឆក់ទូរសព្ទដៃមិនចាំម៉ាកពីស្ត្រីពីរនាក់ម្តាយ និងកូនបានសម្រេច។

ពេលនោះរូបគាត់ទាំងពីរនាក់បានឃើញ ក៏បានជិះម៉ូតូដេញពីក្រោយមកដល់ចំណុចជិតផ្សារថ្មីខណ្ឌដូនពេញ រូបគាត់បានយកមួកសុវត្ថិភាពវាយមួយមួកបណ្តាលឲ្យជនសង្ស័យរេចង្កូតម៉ូតូទៅបុករថយន្តមួយគ្រឿងបណ្តាលឲ្យដួល ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញកំពុងល្បាតឃើញ ជួយដេញចាប់បានជនសង្ស័យបានម្នាក់ ចំណែកបក្ខពួក ម្នាក់ទៀតរត់គេចខ្លួនបាត់និងបានយកទូរសព័្ធដៃជនរងគ្រោះមួយគ្រឿងទៅជាមួយផងដែរ។ បន្ទាប់មកសមត្ថកិច្ចខណ្ឌដូនពេញបានប្រគល់ជនសង្ស័យជូនទៅសមត្ថកិច្ចខណ្ឌទួលគោកវិញ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជនសង្ស័យឈ្មោះ ហេង សេរីវឌ្ឍនា បានសារភាពថារូបគេជាអ្នកបើកម៉ូតូ។ ចំណែកជនសង្ស័យឈ្មោះ សី ហា នៅអង្គុយក្រោយជាអ្នកឆក់។ បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងកំពុងសួរនាំបន្តរួចធ្វើកំណត់ហេតុ បញ្ជូនទៅអធិការអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner