ក្រសួងឧស្សហកម្ម បានជំរុញកំណើនផលិតភាពក្នុងស្រុក កាន់តែមានភាពវិវឌ្ឍន៍ឈានទៅយកស្តង់ដាអន្តរជាតិ

(ភ្នំពេញ)៖ ឆ្នាំនេះគឺជាឆ្នាំទី១០ហើយ ដែលក្រសួងឧស្សហកម្ម បានជំរុញការអនុវត្តមូលដ្ឋានគ្រឹះ នៃកំណើនផលិតភាព ដែលគាំទ្រដល់វិស័យឯកជន ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងបរិបទសេដ្ឋកិច្ចសាកលដែលកំពុងមានភាពមិនច្បាស់លាស់ ។ ប៉ុន្តែបើទោះជាមានកិច្ចប្រឹងប្រែងពីស្ថាប័នជំនាញបានច្រើនហើយក៏ដោយ ក៏តួលេខនៃការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសនៅមានបរិមាណទាបនៅឡើយ ជាពិសេសក្រុមហ៊ុន សហគ្រាសពីតាមបណ្តាខេត្ត ដែលកត្តានេះហើយ បាននាំឲ្យឯកឧត្តមសូមធ្វើការអំពាវនាវឲ្យមានការចូលរួមឲ្យបានច្រើន។

នេះជាប្រសាសន៍របស់ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព”ស៥” ប្រចាំឆ្នាំ២០២៥ ដល់ក្រុមហ៊ុន សហគ្រាសដែលមានបំណងចូលរួមប្រកួតប្រជែង កាលពីល្ងាចថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៥ ។ សិក្ខាសាលានេះ បានធ្វើឡើងស្របពេលកម្ពុជាកំពុងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានលើកឡើងពីគោលបំណង នៃការនាំឲ្យមានការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ (សំលេង ឯកឧត្តម ភោគ សុវណ្ណរិទ្ធ)

យោងតាមរបាយការណ៍ លោក អ៊ុំ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានបញ្ជាក់ថា កម្មវិធីពាន់រង្វាន់សមិទ្ធផលផលិតភាព«ស៥» បានដំណើរការដោយជោគជ័យអស់រយៈពេលជាង ១០ឆ្នាំមកហើយ តាំងពីឆ្នាំ២០១៣មក ដែលមានមូលដ្ឋានជាផលិតកម្ម និងសេវាកម្ម ដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់នេះ សរុប ៨៥មូលដ្ឋាន ក្នុងនោះមាន ៤០មូលដ្ឋាន អនុវត្តបានលទ្ធផលល្អ ទទួលបានពានរង្វាន់ប្រចាំឆ្នាំនីមួយៗ ។ កន្លងមកក្រុមហ៊ុន សហគ្រាស ដែលបានចូលរួមកម្មវិធីនេះ បានវិវឌ្ឍន៍ឈានទៅយកស្តង់ដាជាតិ និងអន្តរជាតិ ដោយបានពង្រីកទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង ។ ការជំរុញឲ្យមានការអនុវត្តវិធីសាស្រ្តនេះ បានជួយឲ្យក្រុមហ៊ុន ទទួលបានមកវិញនូវអត្ថប្រយោជន៍ជាច្រើនដូចជា ប្រសិទ្ធភាពការងារ ទីតាំងផលិតមានភាពស្រស់ស្រាយ អនាម័យល្អ កាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ជួយពង្រឹងសមត្ថភាពអ្នកធុរកិច្ចក្នុងដំណើរការអាជីវកម្មប្រកបដោយនិរន្តរភាព ។

គួរបញ្ជាក់ថា ស៥ គឺជាវិធីសាស្រ្តសម្រាប់រៀបចំកន្លែងធ្វើការ ដែលក្លាយមកពីភាសាជប៉ុនប្រាំពាក្យ ដែលប្រែមកជាខ្មែរថា ៖ សម្រិតសម្រាំង, សណ្តាប់ធ្នាប់, ស្តងដា, ស្អាត ឬសម្អាត និងស្ថិតស្ថេរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner