អ៊ីស្រាអែលថា សកម្មភាពនៅហ្គាហ្សារួមចំណែកការពារសន្តិសុខអឺរ៉ុប
បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល លោក Gideon Saar ក្នុងពេលបំពេញទស្សនកិច្ច នៅប្រទេស លីទុយអានី បាននិយាយថា សកម្មភាពវាយលុក របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា គឺបានរួមចំណែកដោយផ្ទាល់ ដល់ការការពារសន្តិសុខ ដល់អឺរ៉ុប។ ជាការលើកឡើង ក្នុងពេលមានបាតុកម្ម តវ៉ាប្រឆាំងនឹងទស្សនកិច្ច របស់ប្រមុខកាទូត រូបនេះ ជុំវិញសង្គ្រាម។
ក្នុងអំឡុងពេលសន្និសីទកាសែត នៅទីក្រុង Vilnius ជាមួយរដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gideon Saar បានអះអាង ថា «អឺរ៉ុបមិនត្រូវច្រឡំទេ»ហើយបញ្ជាក់ថា «អ៊ីស្រាអែលគឺជាដៃគូយុទ្ធសាស្ត្រ ហើយ សកម្មភាពរបស់យើង រួមចំណែកដោយផ្ទាល់ ដល់សន្តិសុខអឺរ៉ុប»។
យ៉ាងណាមិញ មានក្រុមបាតុករប្រហែល ៣០នាក់ បានប្រមូលផ្តុំគ្នា នៅខាងក្រៅក្រសួងការបរទេស លីទុយអានី កាលពីថ្ងៃអង្គារ ដើម្បីបរិហារចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលរូបនេះ និងដើម្បីសម្តែងការប្រឆាំង ចំពោះសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា និង ទឹកដីប៉ាឡេស្ទីន។
សកម្មជនសិទ្ធិមនុស្ស អាយុ ២៩ឆ្នាំ Ajus Jurgaitis បាននិយាយថា «យើងនៅទីនេះ ដោយសារតែប្រទេសលីទុយអានី កំពុងធ្វើជាម្ចាស់ផ្ទះ តំណាងរបស់រដ្ឋាភិបាល ដែលត្រូវបានចោទប្រកាន់ ពីបទប្រល័យពូជសាសន៍…គេបដិសេធថា មនុស្សកំពុងអត់ឃ្លាន ទោះបីជាអង្គការសិទ្ធិមនុស្សអន្តរជាតិ បានពណ៌នាសកម្មភាព របស់អ៊ីស្រាអែលនៅហ្គាហ្សា ជាយូរមកហើយថា ជាអំពើប្រល័យពូជសាសន៍ និងការកាន់កាប់ខុសច្បាប់ ក៏ដោយ»។
លោក Saar បានធ្វើដំណើរ ទៅកាន់ប្រទេសលីទុយអានី ចំពេលភាពតានតឹង នៅមជ្ឈិមបូព៌ា នៅតែមានកម្រិតខ្ពស់ ខណៈដែលយុទ្ធនាការយោធា នៅតែបន្ត នៅហ្គាហ្សា និងការប៉ះទង្គិច នាពេលថ្មីៗនេះ ជាមួយអ៊ីរ៉ង់៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត